(រតនគិរី)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បូករួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ផងនោះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១៦,៥២៣នាក់ បានមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី។ នេះបើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាកចំនួន ៥ថ្ងៃកន្លងមកនេះ ភ្ញៀវជាតិមានចំនួន១៥,៩១៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៦០៧នាក់។ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មានការកើនឡើង៣.០២ភាគរយ ខណៈដែលឆ្នាំ២០១៨ មានចំនួន១៦,០៣៨នាក់ តែប៉ុណ្ណោះក្នុងនោះភ្ញៀវជាតិ មានការកើនឡើង ២.៩២ភាគរយ និងភ្ញៀវអន្តរជាតិមានការកើនឡើង ៥.៧៤ភាគរយ។

លោក ង៉ែត ពិទូ បានបន្ថែមទៀតថា ខេត្តរតនគិរី មានរមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនជាងគេមានដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្ខឡោម បឹងលំគុដ ទឹកធ្លាក់ ៧ជាន់អូរសិនលែ ទឹកជ្រោះកាចាញ និងទឹកធ្លាក់ចាអ៊ុង។ រីឯកន្លែងស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានពុំមានការឡើងថ្លៃនោះទេ។

ពាក់ព័ន្ធករណីសន្តិសុខ និងគ្រោះថ្នាក់ចរាចរណ៍វិញលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះថា ក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាសន្តិសុខពុំមានបញ្ហាកើតឡើងនោះទេ៕