(សៀមរាប)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៣ម៉ឺននាក់ កើនឡើ៥៤.៣៣% ដែលទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ររបស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដល់បណ្ដាញអង្គភាព Fresh News នៅព្រឹកថ្ងៃទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ។

លោកបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំង ១៣ម៉ឺននាក់នោះ មានភ្ញៀវទេចរជាតិជាង ១១ម៉ឺននាក់ មានការកើន៨៣.៣៣% ប្រៀបធៀបឆ្នាំ២០១៨ ប្រមាណ ៦ម៉ឺននាក់ ហើយភ្ញៀវអន្តរជាតិមាន ២១,៧៣៤នាក់ ថយចុះ ១៤.២៩% ប្រៀបធៀបឆ្នាំ២០១៨ ចំនួន២៥,៣៥៩នាក់។

លោកបានកត់សំគាល់ឃើញថា ភ្ញៀវខ្មែរមានការកើនឡើងច្រើន ដោយសារថ្ងៃឈប់សម្រាកមានរយៈពេលយូរ(៥ថ្ងៃ) និងម្យ៉ាងអាកាសធាតុមានលក្ខណៈអំណោយផលល្អ ហើយបច្ចុប្បន្នបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ មានលក្ខណៈល្អប្រសើរផងដែរ៕