(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ នៅរសៀលថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីរួមគ្នាបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់ជាច្រើនរូប។ វេទិកានេះរៀបចំឡើងក្នុងបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ចរវាងកម្ពុជា និងនេប៉ាល់កាន់តែភាពប្រសើរឡើងថែមទៀត ខណៈបច្ចុប្បន្នការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកម្រិតតិចតួចបំផុត។

សម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី នឹងថ្លែងសុន្ទរថាគន្លឹះពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាបង្ហាញពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរជូនដល់ធុរកិច្ចជនកម្ពុជា និងនេប៉ាល់។

គេរំពឹងថា តាមរយៈវេទិកានេះ នឹងជួយបើកផ្លូវដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបានកាន់តែប្រសើរជាងពេលបច្ចុប្បន្ន។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ រហូតដល់រយៈពេល ៦ខែឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជិត ១៧ម៉ឺនដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅនេប៉ាល់មានជាង ១២ម៉ឺនដុល្លារ ហើយកម្ពុជា នាំចូលពីនេប៉ាល់មកវិញ មានជាង ៤ម៉ឺនដុល្លារ។ ទំនិញដែលដោះដូរជាមួយគ្នាភាគច្រើនជាសម្លៀកបំពាក់ និងវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់។

នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក សាម៉ា អូលី នៅថ្ងៃទី១៣ ខែឧសភា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការសិក្សាបន្ថែមទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នប្រទេសទាំងពីរនៅមានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត។

សូមបញ្ជាក់ថា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរនោះ ក្រោយជំនួបពិភាក្សានៅថ្ងៃម្សិលមិញនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក សម៉ា អូលី ប្រមុខរដ្ឋាភិបាលនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ។ រួមមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់។ មួយទៀតគឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា៕