(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ជាផ្លូវការ និងពិភាក្សា ជាមួយលោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃនេប៉ាល់ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ, លោក សាម៉ា អូលី បានថ្លែងចាត់ទុកថា ដំណើរមកកាន់កម្ពុជានាពេលនេះ គឺជាការបើកទំព័រថ្មី ហើយនឹងជំរុញឲ្យទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរឹងមាំបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តីនេប៉ាល់ បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានសក្តានុពលលើគ្រប់វិស័យ។ លោកបន្តថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា រីឯនេប៉ាល់វិញជាទីកន្លែងដែលព្រះពុទ្ធប្រសូតនោះ នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន។ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងទេសចរណ៍ ដែលនេប៉ាល់ អាចរៀនពីប្រទេសកម្ពុជា។

ក្នុងការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងគួរតែខិតខំក្នុងការបង្កើននូវវិស័យសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។ ដោយធ្វើយ៉ាងណា កំណត់គោលដៅ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យដែលយើងមានផលប្រយោជន៍រវាងគ្នា ទៅវិញទៅមក។ សម្តេចបន្តថា បច្ចុប្បន្នថ្វីត្បិតតែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ មានតិចពិតមែន ប៉ុន្តែនៅមានសក្កានុពល និងឱកាសជាច្រើនដែលអាចពង្រីកកាន់តែធំជាងនេះបន្ថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា ថ្ងៃស្អែក នឹងមានវេទិកាពាណិជ្ជកម្ម ដែលសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានសហការគ្នា រៀបចំដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងវិស័យផ្សេងៗទៀតផងដែរ។ សម្តេចតេជោបានបញ្ជាក់ផងដែរថា យើងគួរតែជំរុញធ្វើយ៉ាងណា ឲ្យមានការដឹកជញ្ជូនតាមរយៈដែនអាកាស រវាងប្រទេសទាំងពីរ ដោយសារតែប្រទេសទាំងពីរមានសក្តានុពល។

លើសពីនេះសម្តេចបានគូសបញ្ជាក់ថា កម្ពុជានៅខេត្តសៀមរាប មានទេសចរណ៍ច្រើន រីឯទីក្រុងជាដែនដី ដែលព្រះពុទ្ធប្រសូត្រវិញ ក៏មានភ្ញៀវទេសចរច្រើនផងដែរ ដូច្នេះយើងអាចសហការគ្នា បានទូលំទូលាយ។ សម្តេចតេជោ បានបន្តថា កិច្ចសហប្រតិបត្តិការទេសចរណ៍ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ ដែលប្រទេសទាំងពីរ អាចពង្រឹងនិងពង្រីក ដោយមិនត្រឹមតែទ្វេរភាគីប៉ុណ្ណោះទេ យើងអាចធ្វើជាមួយនឹងប្រទេសទី៣បានផងដែរ។

សម្តេចតេជោបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅនេះ ទេសចរណ៍កម្ពុជា បានធ្វើដំណើរទេសចរទៅក្រៅប្រទេសចំនួនជិត២លាននាក់។ ដោយចំនួននេះ គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយចំនួនអ្នកទៅទេសចរណ៍នៅកម្ពុជា ទៅកាន់នេប៉ាល់ ក៏មានការកើនឡើងផងដែរ ដោយសារទីនោះគឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ហើយជាទីចាប់អារម្មណ៍ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។

នៅក្នុងជំនួបនេះនាយករដ្ឋមន្ត្រីនេប៉ាល់ បានបន្តថា ការតភ្ជាប់វិស័យអាកាសចរណ៍នេះ គឺមានសារៈសំខាន់ ជាពិសេសផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបញ្ជាក់ថា អ្វីដែលលោកចង់ឃើញគឺការហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីនេប៉ាល់ នៅក្នុងឱកាសនោះបានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅទស្សនកិច្ចប្រទេសនេប៉ាល់ជាថ្មីម្ដងទៀត នាពេលខាងមុខ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ជាការឆ្លើយតបបានទទួលយកនូវការអញ្ជើញទៅទស្សនកិច្ច នៅប្រទេសនេប៉ាល់៕