(ភ្នំពេញ)៖ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ខេភី សាម៉ាអូលី នាយករដ្ឋមន្រ្តីនេប៉ាល់ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា កម្ពុជា-នេប៉ាល់នឹងបើកស្ថានទូតនាពេលខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកទៅនាយករដ្ឋមន្ត្រី ខេភី សាម៉ាអូលី ឱ្យដឹងថា ប្រទេសកម្ពុជា-នេប៉ាល់ បានផ្សារផ្ជាប់ទំនាក់ទំនងទ្វេភាគីតាំងពីឆ្នាំ១៩៦៤មកម្លេះ ប៉ុន្តែមិនទាន់មានស្ថានទូតប្រចាំប្រទេសរៀងៗខ្លួននៅឡើយ។ សម្តេចសង្ឃឹមថា នៅពេលអនាគតកម្ពុជា-នេប៉ាល់ អាចដាក់ស្ថានទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមកបាន។

លោក កៅ គឹមហួន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-នេប៉ាល់នេះ បានចាប់ផ្តើមនៅឆ្នាំ១៩៦៤ម្ល៉េះ អ្វីដែលសំខាន់ពេលនេះយើង មានឯកអគ្គរដ្ឋទូត ដែលយើងមិនទាន់ដាក់នៅក្នុងប្រទេសរៀងខ្លួនទេ។ ការគាំទ្រគ្នាទៅវិញទៅមកយើងដាក់ទីតាំងនៅប្រទេសខុសគ្នាមែន ប៉ុន្តែសម្តេចសង្ឃឹមថា នៅពេលអនាគតប្រទេសយើង អាចដាក់ស្ថានទូតនៅក្នុងប្រទេសរៀងៗខ្លួនទៅវិញទៅមក នៅពេលដែលយើងមានកំណើនពាណិជ្ជកម្មដល់កម្រិតមួយ ដែលអាចជំវុញនូវការបង្កើននេះបាន»

បើតាមលោក កៅ គឹមហួន បានបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បង្ហាញក្តីរំពឹងថាចង់ឃើញនូវការបើកស្ថានទូតរវាងកម្ពុជា-នេប៉ាល់ ដោយជំហានទីមួយ គឺការបើកស្ថានកុងស៊ុលសិន ក្រោយមកអាចបើកស្ថានទូតរវាងប្រទេសទាំងពីរនេះ។

លោក កៅ គឹម ហួន បានបញ្ជាក់ឱ្យដឹងថា «លោករំពឹងថាចង់ឃើញនូវការបើកជំហានទី១ ស្ថានកុងស៊ុលរវាងប្រទេសទាំងពីរ ក្រោយមកអាចបើកស្ថានទូតរវាង ប្រទេសទាំងពីរនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ។ លោកចាត់ទុកថា ឥឡូវនេះយើងបើកសករាជថ្មីនៃប្រទេសទាំងពីរ អញ្ចឹងយើងជំរុញគ្រប់វិស័យទាំងអស់ការផ្លាស់ប្តូរប្រតិពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំជាដើម»

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្តថា សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-នេប៉ាល់ គួរបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ផងដែរ។ កន្លងមកនេះ នៅខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលសម្តេចនាយករដ្ឋមន្ត្រីទស្សនកិច្ចនៅនេប៉ាល់ ក្រសួងការបរទេសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីពិគ្រោះយោបល់ ផ្នែកនយោបាយការទូតរវាងប្រទេសទាំងពីររួចហើយ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យបង្កើនល្បឿន ជាពិសេសទៅទៀត ធ្វើយ៉ាងណាកំណត់ទិសដៅនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែក ឬវិស័យដែលមានដើម្បីផលប្រយោជន៍ទៅវិញទៅមក។

លោក កៅ គឹមហួន បានបញ្ជាក់បន្ថែមថា «បច្ចុប្បន្នថ្វីត្បិតតែពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅមានកម្រិតមែន ក៏ប៉ុន្តែជាសក្តានុពលមានសក្តានុពលពង្រីកឱកាស ធ្វើម៉េចឱ្យដល់គោលដៅយើងកាន់តែធំជាងនេះទៀត។ នៅក្នុងថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ នៅក្នុងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនេប៉ាល់មកកាន់កម្ពុជានេះ សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ អាចចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរ បើអាចសហការជាមួយគ្នាបាន»

នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ ក៏បានឯកភាពទៅលើសំណើ ក៏ដូចជាយោបល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាទាំងអស់ ហើយជាពិសេសទៀតលោកចង់ឃើញថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងកម្ពុជានេះ ឱ្យសហការគ្នាគ្រប់កម្រិត គ្រប់វិស័យ ដោយសារវប្បធម៌នៃប្រទេសទាំងពីរមានការស្រដៀងគ្នាជាច្រើ ន។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។ ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មាននិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕