(ពោធិ៍សាត់)៖ បន្ទាប់ពីបាននាំកញ្ចប់គ្រឿងឧបភោគបរិភោព ជូនប្រជាពលរដ្ឋអ្នកឃុំព្រងិល ស្រុកក្រវាញ ចំនួន៣៧៥គ្រួសាររួច នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ លោក រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានអញ្ជើញនាំអំណោយ របស់សប្បុរសជនពីប្រទេសបារាំង ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋអ្នកឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៤៥០គ្រួសារ។

ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ៥០គីឡូ, មី១កេស, ប្រេងឆា២លីត្រ, ស្ករស២គីឡូ, មីឡូ១កំប៉ុង, ទឹកដោះគោ២កំប៉ុង, សាប៊ូ១កញ្ចប់ និងថ្នាំដុសធ្មេញ៤ប្រអប់។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះអង្គការ LIFE ដែលបាននាំអំណោយរបស់ប្រជាជនបារាំង ដោយសហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា។ ថ្វីបើកញ្ចប់អាហារស្រាយបួសនេះ មិនបានចែកជូនគ្រប់ៗគ្នា តែក៏អាចជួយសម្រាល ដល់អ្នកដែលគ្នាមានជីវភាព ខ្វះខាតក្នុងសហគមន៍របស់យើងមួយកម្រិត វាបីដូចជាការសម្រាលជីវភាពបងប្អូនជារួម។

តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនទូទៅដោយបានដោះស្រាយ នូវក្តីកង្វល់ជាហូរហែរ។ ដោយឡែកសហគមន៍ខ្មែរឥស្លាម ត្រូវបានរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ក៏បានដោះស្រាយគោលនយោបាយនានា ជាក់ស្តែង ក្រៅពីសមិទ្ធផលនានាជាច្រើន។

តំណាងរាស្ដ្ររូបនេះបន្ដថា ថ្មីៗនេះក្នុងពិធីទទួលទានអាហារស្រាយបួសដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន ជូនសហគមន៍ខ្មែរឥស្លាម កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ សម្តេចក៏បានចាត់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងដល់គ្រប់មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកទាំងអស់ ឲ្យរៀបចំកន្លែងថ្វាយបង្គុំជូនសាសនិកឥស្លាម ដែលមកទទួលសេវាព្យាបាល ឬគ្រូពេទ្យដែលជាសាសនិកឥស្លាម ដែលនេះជាកាដូរដ៏មានតម្លៃក្នុងគោលនយោបាយសុខដុមបនីយកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយមិនធ្លាប់មានទេក្នុងប្រវត្តិសាស្រ្តដ៏យូរលង់មក៕