(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញ ប្រគល់អំណោយជាស្បៀងអាហារជូនបងប្អូនខ្មែរឥស្លាម ចំនួន៤៥០គ្រួសារ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ៥០គីឡូ, មី១កេស, ប្រេងឆា២លីត្រ, ស្ករស២គីឡូ, មីឡូ១កំប៉ុង, ទឹកដោះគោ២កំប៉ុង, សាប៊ូ១កញ្ចប់, និងថ្នាំដុសធ្មេញ៤ប្រអប់ ហើយលោករដ្ឋមន្ដ្រី ក៏បានផ្តល់ថវិកាសម្រាប់ដោះស្រាយចាក់ដីតារាងបាល់ទាត់ ភូមិតានង់ទី៧ ចំនួន៣០០ឡានផងដែរ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បាននាំនូវដំណឹងល្អ អំពីគោលនយោបាយសុខដុមបនីយកម្មថ្មីមួយទៀត ក្នុងចំណោមគោលនយោបាយ សុខដុមនីយកម្មនានាជាច្រើន ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងពិធីទទួលទានអាហារស្រាយបួស ជាមួយសាសនិកឥស្លាមជិត៥,០០០នាក់។

លោកបញ្ជាក់ថា សម្ដេចតេជោ បានប្រកាសឲ្យមន្ទីរពេទ្យរដ្ឋ និងបង្អែកគ្រប់ខេត្តក្រុង ជួយសម្រួលដោះស្រាយបន្ទប់ថ្វាយបង្គំ ដល់សាសនិកឥស្លាម ដែលមកទទួលសេវាព្យាបាល ក៏ដូចជាបុគ្គលិកពេទ្យ ដែលកាន់សាសនាឥស្លាម ដែលពួកគាត់ធ្លាប់តែមានកង្វល់ នៅពេលដល់វេលាថ្វាយបង្គុំ តែមិនមានបន្ទប់ត្រឹមត្រូវនៅតាមទីសាធារណៈ ជាពិសេសមន្ទីរពេទ្យ ខណៈនៅអាកាសយាន្តដ្ឋាន និងទីប្រជុំធំៗ មួយចំនួនបានដោះស្រាយរួចរាល់ជាបណ្តើរៗ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ទោះបីសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដមបនីយកម្ម បានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌ នៃប្រជាជាតិតែមួយ ដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។

គួរបញ្ជាក់ថា អំណោយខាងលើជាការឧបត្ថម្ភពី សប្បុរសជនសាសនិកឥស្លាម នៅប្រទេសបារាំង តាមរយៈអង្គការ LiFE សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមានការចូលរួមសហការពីថ្នាក់ដឹកនាំ ក្រុមការងាររបស់ក្រសួងព័ត៌មានផងដែរ៕