(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០៩១នេះ បានចាប់ខ្លួនជនជាតិចិនម្នាក់ ដែលពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ដោយឡើយកម្លាំងនគរបាលជំនាញ កំពុងល្បាតក្នុងមូលដ្ឋានស្មុគស្មាញ់ ស្រាប់តែបានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូមើលទៅគួរឲ្យសង្ស័យក៏បានឃាត់សួរនាំ និងពិនិត្យម៉ូតូដែលរូបគេជិះ រួចឈានទៅឆែកផ្ទះដែលជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ​ ZHANG HUI អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាស្សា ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង, ម្សៅក្រាមពណ៌សថ្លា ៣៥កញ្ចប់, ថ្នាំញៀនម៉ាក WY ៣២គ្រាប់, បារីសង្ស័យមានសារធាតុញៀន១០ដើម, ទូរស័ព្ទដៃ១គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕