(កណ្តាល)៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងពីប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ បុកនៅលើចំណែកផ្លូវម៉ូតូ អ្នកបើកបររថយន្តព្យាយាមរត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោលកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីនគរបាល បានឲ្យដឹងថា រថយន្តម៉ាក់ហ៉ីយ៉ាន់ដាយ ប្រភេទរថយន្តក្រុងធុនធំ ពណ៌សលាយក្រហមពាក់ស្លាកលេខ ភ្នំពេញ3C-6597 ជារថយន្តក្រុមហ៊ុន D D ដឹកអ្នកដំណើរ (ភ្នំពេញ-វៀតណាម) បើកបរដោយឈ្មោះ លឹម បូរ៉ា ភេទប្រុសអាយុ៣៤ឆ្នាំ មានមុខរបរបើកបរ រស់នៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ម៉ូតូរងគ្រោះម៉ាក HONDA ស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ.1GF-6710 ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ពាង ស៉ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររស់នៅភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងទិសដៅអ្នកលឿងភ្នំពេញ ក្នុងល្បឿនលឿនខ្លាំង។ លុះដល់ចំណុចកើតហេតុទំនងជាឡើងជែងគេ ចូលទៅចំណែកផ្លូវម៉ូតូ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូគៀបអ្នកបើកបរម៉ូតូជាប់ស្លាប់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តមិននៅទទួលខុសត្រូវនោះទេព្យាយាមរត់គេចខ្លួនបាត់។ ភ្លាមនោះដែរនគរបាលចរាចរស្រុកកៀនស្វាយ បានចុះទៅដល់ជួយអន្តរាគមន៍វាស់វែង និងសន្និដ្ឋាន រួចប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំបន្ថែមបញ្ជូន មកកាន់ស្នងការខេត្តកណ្តាលផ្នែកចរាចរដើម្បីបន្តនីតិវិធី។

ពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បាននិយាយថា រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងវៀតណាមមកភ្នំពេញនេះបើកលឿនៗណាស់។ ពួកគេបើកជែងគេជែងឯងយកតែពីឈ្នះដៃ មិនគិតអាយុជីវិតអ្នកដំណើរនោះទេ មិនដឹងជាច្បាប់នៅក្រុមហ៊ុនគេនឹងយ៉ាងម៉េចទេ បានជាបើកមិនប្រណីសោះ។

ប្រជាពលរដ្ឋសំណូមពរដល់ក្រសួងទេសចរណ៍ពិនិត្យ ក្រុមហ៊ុនមួយនេះ និងធ្វើលក្ខណឲ្យក្រុមហ៊ុនណែនាំដល់អ្នកបើកបរគោរពច្បាប់ចរាចរណ៍ផង និងបើកឲ្យសមល្បឿន និងផ្លូវចង្អៀត ឬផ្លូវវាលផងកុំដឹងតែលឿនបែបនេះ៕