(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអាទិត្យ៩កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់៦៦ យាងចូល៦៧ ព្រះវស្សា។

ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនេះ ធ្វើឡើងនៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។ នេះបើតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ចុះផ្សាយនៅល្ងាចថ្ងៃទី១២ ខែឧសភានេះ។

យាង និង អញ្ជើញចូលរួមដង្ហែ ក្នុងព្រះរាជពិធីបុណ្យក្នុងឱកាសនោះ រួមមានមន្ត្រីរាជារដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា មន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង យ៉ាងច្រើន​កុះករ ។

កូនចៅប្រជារាស្រ្ត​ សូមថ្វាយព្រះពរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ ប្រជារាស្រ្តទូទាំងប្រទេស៕