(ភ្នំពេញ)៖ បន្ទាប់ជោគជ័យក្នុងការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនហើយនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា កម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិន ដើម្បីឈានដល់ការសម្រេចបាន នូវការចុះហត្ថលេខារួមគ្នា លើពិធីសារស្តីពីការនាំចេញផ្លែស្វាយ ដោយផ្ទាល់ពីកម្ពុជា ទៅទីផ្សារប្រទេសចិនថែមទៀត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាចង់ស្នើជាកញ្ចប់នូវផលិតផលកសិកម្មទៅកាន់ភាគីចិន ដោយមិនដាក់តែផ្លែស្វាយមួយមុខនោះទេ ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករខ្មែរ។ កញ្ចប់ផលិតនោះរួមមាន ផ្លែស្វាយ តាងែន ស្រការនាគ និងទឹកមាត់ត្រចៀកកាំ។

បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចុងអង្ករ និងចេកដែលទើបសម្រេចបានថ្មីៗនេះ។

ក្នុង១ឆ្នាំៗ កម្ពុជាប្រមូលបានទិន្នផលស្វាយប្រមាណជិត១លានតោន ខណៈកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសជិតខាងរួមមាន វៀតណាម និងថៃជាដើម។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រកែច្នៃ វេចខ្ចប់ និងការនាំចេញចេកអំបូងលឿងដំបូងគេនៅកម្ពុជា ទៅទីផ្សារចិនដោយផ្ទាល់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា​ «អ្វីដែលយើងកំពុងគិតគូរសង្ឃឹមថា អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយភាគីពាក់ព័ន្ធ នឹងធ្វើកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការឈាន ដល់ការនាំចេញនូវផលិតផលជាច្រើនទៀតពីកម្ពុជា ជាពិសេសផ្លែស្វាយ ដែលកម្ពុជានាពេលបច្ចុប្បន្ននេះ គឺផលិតបានជិត១លានតោនហើយនោះ ដែលត្រូវរកទីផ្សារធ្វើការនាំចេញ»

លោកប្តថា «ឯកអគ្គរាជទូតខ្មែរនៅរដ្ឋធានីប៉េកាំង បានជូនដំណឹងមកខ្ញុំថា ភាគីចិននឹងអញ្ជើញកម្ពុជា ធ្វើការជជែករៀបចំពិធីសារ ស្តីអំពីការនាំចេញផ្លែស្វាយចេញពីកម្ពុជា អាចនៅក្នុងខែកក្កដាខាងមុខនេះ។ យើងក៏ចង់លើកជាកញ្ចប់ដែរ ព្រោះយើងមិនចង់លើកមួយម្តងទេ ដែលដំបូងការនាំចេញអង្ករ បន្ទាប់មកការនាំចេញដំឡូងមី ស្វាយចន្ទី ចុងអង្ករ និងចេក។ ហើយលើកនេះ គឺលើកពីផ្លែស្វាយ តែយើងចង់លើកជាកញ្ចប់ រួមមានស្វាយ តាងែន ស្រការនាគ ជាមួយនឹងទឹកមាត់ត្រចៀកកាំផងដែរ»

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការដាក់ជាកញ្ចប់នេះ ដើម្បីងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសកសិករ អាចមានលទ្ធភាពផលិតកាន់តែមានទំហំធំឡើង ដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។

នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលកសិកម្មផ្លូវការសរុបជាង៤.៣លានតោន ហើយបើសិនគិតទាំងផលិតផលនាំចេញក្រៅផ្លូវការ គឺមិនតិចជាង៧លានតោនទេ។

ដោយឡែកសម្រាប់ការនាំចេញកសិផលទៅប្រទេសចិន នៅឆ្នាំ២០១៦ កម្ពុជានាំចេញបានជាង២៨ម៉ឺនតោន, ឆ្នាំ២០១៧ នាំចេញបានជាង៣០ម៉ឺនតោន, ឆ្នាំ២០១៨ បានជាង៤៥ម៉ឺនតោន ហើយរំពឹងថា ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន នៅឆ្នាំ២០២០ មិនតិចជាង១លានតោនទេរួមទាំងអង្ករ៕