(ភ្នំពេញ)៖ ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងសាងសង់ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានឈានដល់ការបញ្ចប់គ្រឿងបង្គុំសំខាន់ៗហើយ ខណៈលទ្ធផលជារួម ក៏សម្រេចបានប្រមាណ ៥០% ផងដែរ ។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ថ្លែងក្នុងពិធីអបអរនៃការបញ្ចប់គ្រឿងបង្គុំសំខាន់ៗ នៃពហុកីឡដ្ឋាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា មកទល់ពេលនេះ ពហុកីឡដ្ឋានធំ បានចំណាយពេលសាងសង់ ២០ខែហើយ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ។ ឯលទ្ធផលសម្រេចបានរួមមាន៖ ការសាងសង់សម្រេចបានលទ្ធផលប្រមាណ ៥០% និងការតម្លើងថាសបង្គុំកៅអីបេតុងអង្គុយប្រមាណ ៧០% ។ ប៉ុន្ដែសម្ភារៈបរិក្ខាសំណង់ សម្រាប់បម្រើការងារសាងសង់គ្រឿងបង្គុំរួម គឺបាននាំចូលមកដល់ការដ្ឋាន ១០០% នៅឡើយតែសម្ភារៈបំពាក់ នឹងស្នើសុំបែបបទនាំចូលជាបន្ដបន្ទាប់ ។

លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់បន្ថែមថា ក្នុងការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះដែរ បានប្រើកម្លាំងពលកម្មសរុបជាង ៨០០នាក់ ក្នុងនោះមានក្រុមការងារជំនាញភាគីចិនប្រមាណ ៥៤០នាក់ និងកម្លាំងពលកម្មក្នុងស្រុកប្រមាណ ៣០០នាក់ ។ ផ្អែកលើផែនការការងារ ក្នុងខែកក្កដាខាងមុខ ថាសកៅអីបេតុងនឹងត្រូវលើកដាក់ចប់សព្វគ្រប់ ហើយនៅខែសីហា គ្រឿងបង្គុំធ្នឹមកោងផ្នែងប៉មរាងបាតដៃ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ និងការគោរព និងរឹតចំណងមិត្តភាព សាមគ្គី ក៏នឹងត្រូវសាងសង់រួចរាល់ផងដែរ ។

តាមគម្រោងពហុកីឡដ្ឋានធំ នឹងត្រូវការពេលសាងសង់ប្រមាណ ៤០ខែ គឺអាចបញ្ចប់នាចុងឆ្នាំ២០២០ ។ ប៉ុន្ដែតាមគោលការណ៍រួមរបស់គណៈកម្មការបច្ចេកទេសកម្ពុជា បានស្នើជំរុញការងារសាងសង់ឲ្យបានលឿន ទាន់ពេលវេលា ព្រោះកម្ពុជាត្រូវការយ៉ាងតិច ២ឆ្នាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ លើសពីនេះ លោករដ្ឋមន្ដ្រីក៏បានស្នើភាគីចិន បន្ដជួយការគ្រប់គ្រងពហុកីឡដ្ឋានធំ ពិសេសជួយបង្ហាត់បង្រៀនដល់ភាគីកម្ពុជា ក្នុងការគ្រប់កីឡដ្ឋាននេះ រហូតដល់ចប់ស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង ។

គួរដឹងថា ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺអាចផ្ទុកអ្នកទស្សនាជិត ៦ម៉ឺននាក់ ហើយអ្វីដែលពិសេស គឺក្រុមការងារបច្ចេកទេសបានរៀបចំច្រកសុវត្ថិភាព ដោយអាចជម្លៀសអ្នកគាំទ្រទាំងអស់ ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ។ សរុបមកលោកបណ្ឌិត ថោង ខុន បានចាត់ទុកនេះ គឺជាមហាសមិទ្ធិផលដ៏អស្ចារ្យក្នុងសម័យទំនើប និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយលោកសង្កត់ធ្ងន់ថា កម្ពុជាបាននឹងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕