(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំង៥១៨នាក់ ថាក្រុមការងាបក្សត្រូវបង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សឱ្យបានល្អ ដោយខិតខំពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានរឹងមាំជំរុញការដឹកនាំរបស់គណបក្សឱ្យទទួលបានជោគជ័យ។

ការថ្លែងបែបនេះ របស់លោកស្រី ម៉ែន សំអន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្តដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ស្រុក-ក្រុង អាណត្តិទី៣ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលមានអង្គបោះឆ្នោតចូលរួម៥១៨នាក់ ផងដែរ។

លោកស្រីកិត្តិសង្គហ ក៏បានជំរុញដល់អង្គបោះឆ្នោតថា ត្រូវបន្ដជំរុញអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ និងស៊ីជម្រៅក្នុងគ្រប់ ស្រទាប់ប្រជាជន ពិសេសស្រទាប់យុវជនអំពីសភាពការណ៍រីកចំរើនរបស់ប្រទេសជាតិ អំពីគោលនយោបាយនានា របស់គណបក្ស និងរាជរដ្ឋាភិបាលអំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបករាល់ការឃោសនាអកុសលរបស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់ពួកប្រឆាំង និងអមិត្ត។ ត្រូវចេះយកចិត្ត យកថ្លើម និងសន្សំពិន្ទុជាមួយប្រជាជន តាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈអំពើល្អរបស់យើង ជាពិសេសការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទៅនេះជាកាតព្វកិច្ចរបស់មន្ត្រីបក្សចំពោះប្រជាជន។

លោកស្រីបានបញ្ជាក់ថា ដោយការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ត្រូវធ្វើឡើង ក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបញ្ចប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ដូច្នេះយើងនៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតហើយ ដូចនេះក្នុងរយៈពេលនេះ ទាំងក្រុមការងារ ទាំងស្រុក-ក្រុង ត្រូវប្រមូលផ្ដុំធ្វើសកម្មភាពចាំបាច់មួយចំនួន ត្រូវខិតខំទប់ស្កាត់រាល់សកម្មភាព ដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់យើង ឬក្នុងជួរបេក្ខជន ឬនៅក្នុងផ្ទៃក្នុង របស់គណបក្ស និងណែនាំសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់យើងឱ្យស្គាល់លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត និងណែនាំការគូសសន្លឹកឆ្នោត ព្រមទាំងរបៀបបោះឆ្នោតឱ្យបានត្រឹមត្រូវ ត្រូវរួមគ្នាម្ចាស់ការវាយបកឱ្យបានទាន់ពេលវេលា រាល់ការឃោសនាមួលបង្កាច់ និងសកម្មភាពបំផុសបំផុល ញុះញង់អុជអាលរបស់ក្រុមប្រឆាំងតាមគ្រប់រូបភាពទៅតាមមូលដ្ឋាន។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ មានការខុសប្លែកពីការបោះឆ្នោតសកល ដោយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សា តាមប្រភេទនីមួយៗ និងមានហិបឆ្នោតចំនួនពីរសន្លឹកឆ្នោតទី ១មានពណ៌លឿង ប្រើក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាស្រុក-ក្រុង សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ និងសន្លឹកឆ្នោតទី២ មានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបមួយផ្សេងទៀត។ ដូចនេះ សូមអង្គបោះឆ្នោតទាំងអស់មេត្តាប្រុងប្រយ័ត្នកុំឱ្យមានការខុសឆ្គងដោយប្រការណាមួយឱ្យសោះ។

បន្ថែមពីនេះ លោកស្រី ក៏បានក្រឿនរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួន ឱ្យបានរឹងមាំជាប់ជានិច្ច និងប្រុងប្រយ័ត្នឱ្យហ្មត់ចត់ទាំងការហូបចុក ទាំងការធ្វើដំណើរ ទាំងការស្នាក់អាស្រ័យ ហើយម៉្យាងទៀតត្រូវថែរក្សាឯកសារ សម្រាប់បម្រើការបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ «ប័ណ្ណសំគាល់ សមាជិកកក្រុមប្រឹក្សាឃុំ-សង្កាត់» ឱ្យបានម៉ត់ចត់ ករណីបាត់ ឬខូចត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ព្រោះចំណុចនេះសំខាន់ណាស់។

លោកស្រី ម៉ែន សំអន បានបន្តថាក្រុមការងារ និងគណបក្សស្រុក-ក្រុងទាំងអស់ ត្រូវសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ ធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសត្រូវការពារទាំងមណ្ឌល និងការិយាល័យបោះឆ្នោត ការពារសុវត្ថិភាពជូនបេក្ខជនឈរឈ្មោះ និងការពារលទ្ធផលបោះឆ្នោត ព្រមទាំងគ្រប់គ្រងសភាពការណ៍ក្រោយការបោះឆ្នោតឱ្យបានល្អប្រសើរ ហើយត្រូវរាយការណ៍ជូន គណៈអចិន្ត្រៃយ៍គណបក្សខេត្ត នូវលទ្ធផលនៃការបោះឆ្នោត សភាពការណ៍ផ្សេងៗឱ្យបានទៀងទាត់តាមការជាក់ស្ដែង៕