(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអាណត្តិនៅកម្ពុជា លោក Christopher B. Montero បានសន្យាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថានឹងនៅតែជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យកីឡារវាងកម្ពុជា-ហ្វីលីពីន ទោះបីលោកត្រូវរដ្ឋាភិបាលហ្វីលីពីនប្ដូរទៅធ្វើអគ្គរដ្ឋទូត នៅប្រទេសផ្សេងទៀតក៏ដោយ។

ការប្ដេជ្ញាចិត្តរបស់លោក Montero យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលជួបជម្រាបលាលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅកម្ពុជា លោកនឹងត្រូវរដ្ឋាភិបាលហ្វីលីពីនផ្លាស់ទៅធ្វើជាឯកអគ្គរដ្ឋទូត នៅប្រទេសព្រុយណេដារូសាឡឹម។

ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជាជាង៤ឆ្នាំមកនេះ លោកអគ្គរដ្ឋទូតហ្វីលីពីន បានមើលឃើញពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ ហើយអគារខ្ពស់ៗក៏កាន់តែផុសត្រដែតឡើងច្រើនទៅៗ។

លោកក៏បានកោតសរសើរពីការរីកចម្រើនលើវិស័យទេសចរណ៍កម្ពុជាផងដែរ ដោយកម្ពុជា-ហ្វីលីពីនបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធ ក្នុងនោះកម្ពុជា-ហ្វីលីពីនក៏បានភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Philippines Airline ដែលបាននិងកំពុងហោះត្រង់ទៅមក ភ្នំពេញ-ម៉ានីល ក្នុងមួយអាទិត្យ ៥ជើង បន្ថែមពីលើកិច្ចប្រតិបត្តិការហោះហើរមួយអាទិត្យ ៤ជើង ម៉ានីល-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍សេប៊ូប៉ាស៊ីហ្វិក។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់លោក Montero សូមជួយជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្វីលីពីនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ និងវិស័យកីឡា។

ពាក់ព័ន្ធនឹងវិស័យកីឡានេះ លោករដ្ឋមន្ត្រីក៏បានផ្ដាំតាមរយៈលោកអគ្គរដ្ឋទូត Montero សូមអញ្ជើញកីឡាករពិភពលោករបស់ហ្វីលីពីន ម៉ានី ប៉ាហ្គីអ័វ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីនផងនោះ សូមមកទស្សនកិច្ចនៅប្រទេសកម្ពុជាសាជាថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយគ្នាបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងឱកាសដែលហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ កម្ពុជាក៏នឹងដឹកនាំក្រុមអត្តពលិករបស់ខ្លួនចំនួន ៣៧ប្រភេទកីឡា ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយការហោះហើរត្រង់ភ្នំពេញ-ម៉ានីល នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រតិភូកីឡាកររបស់កម្ពុជា។

ពិសេសជាងនេះទៅទៀត លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់លោកអគ្គរដ្ឋទូត Montero ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាដល់ភ្ញៀវទេសចរនៅប្រទេសទីបី ដែលលោកនឹងផ្លាស់ទៅបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី នាពេលអនាគតនោះ។

ឆ្លើយតបនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកអគ្គរដ្ឋទូត Montero បានទទួលនូវសំណើនេះយ៉ាងពេញចិត្ត ហើយនឹងនាំសារនៃការអញ្ជើញលោក ម៉ានី ប៉ាហ្គីអ័វ ជូនដំណឹងដល់សភាហ្វីលីពីនផងដែរ។

អ្វីដែលលោកអគ្គរដ្ឋទូតហ្វីលីពីនជក់ចិត្ត ក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជាជាង៤ឆ្នាំមកនេះ គឺការរីកចម្រើនរបស់កម្ពុជាទាំងផ្នែកសង្គម-សេដ្ឋកិច្ច និងតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជា ព្រមទាំងពេញចិត្តនឹងការទទួលបដិសណ្ឋារកិច្ច និងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទៀតផង៕