(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក លោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌ ក្រោមការសម្របសម្រួលដោយលោក អ៊ុ សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យសិប្បកម្មកែច្នៃឈើ និងផលិតបារីម៉ាក Ligun ដែលផលិតពីកម្ទេចឈើ។

ចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចនេះ បានកើតមានឡើង បន្ទាប់ពីប្រជាពលរដ្ឋលួចរាយការណ៍ជូន។

សិប្បកម្មមួយនោះគ្មានស្លាកយីហោនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ លាង តុងឡេង អាយុ៣៥ឆ្នាំ និងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅត្រួតពិនិត្យកាលពីវេលាម៉ោង១០៖១៥នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលបានដំណឹងថា ទីតាំងសិប្បកម្មមួយនេះ មានការកែច្នៃឈើ និងផលិតបារីម៉ាក Ligun ពីកម្ទេចឈើ កម្លាំងចម្រុះបានចុះទៅការធ្វើការត្រួតពិនិត្យជាក់ស្ដែង និងសួររកលិខតច្បាប់អនុញ្ញាតផ្សេងៗទៀតផងដែរ ព្រោះថា បារីជាវត្ថុបំផ្លាញដល់សុខភាពអ្នកជក់ ហើយថែមទាំងការផលិតចេញពីកម្ទេចឈើថែមទៀតនោះ វារឹតតែប៉ះពាល់ដល់សុខភាព អ្នកជក់កាន់តែខ្លាំងថែមទៀតហើយ។ លុះពេលចុះទៅដល់ក្នុងទីតាំងសិប្បកម្មនោះ គេឃើញនៅផ្នែកខាងមុខ មានម៉ាស៊ីនអារឈើ និងកែច្នៃឈើ សម្រាប់ផ្គត់ផ្គង់តាមការដ្ឋានសំណង់ ហើយឈើដែលកំពុងធ្វើការកែច្នៃនោះ ជាប្រភេទកាស្យា និងប្រេងខ្យល់ រីឯនៅផ្នែខាងក្រោយមានម៉ាស៊ីនផលិតបារីម៉ាក Ligun។

ក្រោយពីការត្រួតពិនិត្យ ឃើញថា ទីតាំងមួយនេះធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយបានយកកម្ទេចឈើទៅលាយជាមួយថ្នាំជក់ផលិតចេញជាបារី ដូចដំណឹងដែលទទួលបានមែន។ មិនតែប៉ុណ្ណោះការធ្វើអាជីវកម្មដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតនេះមានរយៈពេលយូរមកហើយ ទើបតែត្រូវបានបែកធ្លាយនាពេលនេះ ប៉ុន្តែខណៈដែលកម្លាំងចុះទៅដល់ មិនបានឃើញម៉ាស៊ីនសង្វាក់ផលិតកម្មផលិតបារីនេះ ដំណើរការទេ ចំណែកម៉ាស៊ីនកែច្នៃឈើនៅដំណើការ។

ដោយឡែក ម្ចាស់ទីតាំងសិប្បកម្មនោះ បាននិយាយថា កន្លងមក គាត់បានជួលទីតាំងនេះទៅឲ្យជនជាតិចិនម្នាក់ បើកសិប្បកម្ម ប៉ុន្តែជួលបានត្រឹមត១ខែប៉ុណ្ណោះ ជនជាតិចិនខាងលើក៏ឈប់ ជួលទៅវិញ។ ចំណែកឯការផលិតបារី ក៏បានផ្អាកដែរ ចំណែកខាងសិប្បកម្មកែច្នៃឈើ ក្រោយពេលជនជាតិចិនឈប់ដំណើរការ ត្រូវបានគាត់ដែលជាម្ចាស់ទីតាំង ​បើកដំណើរការជាបន្តរហូតមកដល់ពេលនេះ ដែលទើបបានរយៈពេល ៣ខែប៉ុណ្ណោះ។

ក្រោយការត្រួតពិនិត្យឃើញស្ថានភាពជាកស្ដែងហើយនោះ កម្លាំងសមត្ថកិច្ចខាងលើ បានផ្អាកអាជីវកម្មសិប្បកម្មមួយនេះជាបណ្ដោះអាសន្ន ដោយឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យបើកដំណើរការកែច្នៃឈើបន្តទៀតតែ ហើយខណៈនោះដែរ សមត្ថកិច្ចក៏មិនបានដកហូតសម្ភារអ្វីមួយពីក្នុងសិប្បកម្មមួយនេះផងទេ៕