(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិកបានបង្ហោះរូបជាច្រើនសន្លឹក ដើម្បីបង្ហាញឲ្យគ្រប់គ្នាឃើញថា យន្ដហោះទម្លាក់គ្រាប់បែក B-52 បានទៅដល់មូលដ្ឋានទ័ពអាកាសអាមេរិក អាល់យូដេដ (Al Udeid) ក្នុងប្រទេសកាតាហើយ ខណៈសង្រ្គាមពាក្យសម្ដីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងកាន់តែខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩។

ប៉ុន្តែព្រមពេលជាមួយគ្នា កងទ័ពអាកាសអាមេរិកមិនបានបញ្ជាក់លម្អិត ពីទីតាំងដែលយន្ដហោះ B-52 ដទៃទៀតត្រូវ ចុះចតនោះទេ ដោយគ្រាន់តែបង្ហើបថា ពួកវាត្រូវបានបញ្ជូនទៅចុះចត នៅតំបន់អាស៊ីភាគនិរតី។ ដោយឡែកមន្ទីរបញ្ចកោណក៏បាន បញ្ចេញវីដេអូមួយផងដែរកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីយន្ដហោះ B-52 ចំនួន០៤គ្រឿង ហោះចាកចេញពីទឹកដីអាមេរិក និងសំដៅ​ទៅកាន់តំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា យន្ដហោះ B-52 ផលិតដោយក្រុមហ៊ុន Boeing បានធ្វើប្រតិបត្តិការអស់រយៈពេលជាង ៦៥ឆ្នាំមកហើយ ។ យន្ដហោះនេះមានទម្ងន់ ១៧៦,៩០១គីឡូក្រាម និងជាប្រភេទយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរ ព្រមទាំងអាចហោះក្នុងរយៈចំងាយឆ្ងាយ ដោយមានម៉ាស៊ីនចំនួន០៨។

ម្យ៉ាងវិញទៀត ការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកនេះទៀតសោត ធ្វើឡើងក្រោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បានប្រកាសឲ្យដឹងអំពីការចល័តក្បួននាវាដឹកយន្តហោះចម្បាំង អាប្រាហាម លីងខូលន៍ (Abraham Lincoln) និងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុម ទៅកាន់តំបន់ធ្វើប្រតិបត្តិការរបស់ ទីបញ្ជាការកណ្តាលយោធាអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជាសារព្រមានមួយដល់ទីក្រុងតេហេរ៉ង់ ព្រោះអ៊ីរ៉ង់មានផែនការចង់វាយប្រហារលើកងទ័ពអាមេរិក ក៏ដូចជាទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់មជ្ឈិមបូព៌ា៕