(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ «លិខិតជម្រាបជូនដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន» ត្រូវបានបណ្តាញសង្គម Facebook ឈ្មោះសេនាជំនិត ទម្លាយនិងបកស្រាយជុំវិញករណីឯកសារបែកធ្លាយនេះ។

​Facebook ឈ្មោះសេនាជំនិតដដែលនោះបានអះអាងថា «លិខិតបែកធ្លាយដោយចេតនានោះ ពិតជាធ្វើឲ្យលោក សម រង្ស៊ី ធ្លាក់ចូលក្នុងអន្ទាក់របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន មែនមានន័យថា ត្រីល្ងង់ខ្លៅដូច សម រង្ស៊ី កំពុងស៊ីសន្ទូចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ»។

ក្រៅពីអះអាងខាងលើនេះ, Facebook ដដែលនោះបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងច្រើនដូចខាងក្រោម៖
(ខឹ្លមសារទាំងស្រុងរបស់ Facebook សេនាជំនិត)

លោក ហ៊ុន សែន បញ្ចេញលិខិតបែកធ្លាយដោយចេតនាដើម្បីកម្ទេច សម រង្ស៊ី!
យោងតាមប្រភពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ទើបតែបញ្ចេញសារមួយក្នុងលក្ខណៈជាការបែកធ្លាយដោយចេតនាក្នុងគោលបំណងដាក់អន្ទាក់ សម រង្ស៊ី។

លិខិតបែកធ្លាយដោយចេតនានោះគឺមានទម្រង់ជាលិខិតជម្រាបជូនដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ចុះថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៩។
ភ្លាមៗក្រោយការធ្វើឲ្យបែកធ្លាយដោយចេតនា លោក សម រង្ស៊ី ពិតជាបានធ្លាក់ចូលក្នុងអន្ទាក់របស់លោក ហ៊ុន សែន មែន មានន័យថា ត្រីល្ងង់ខ្លៅដូច សម រង្ស៊ី កំពុងស៊ីសន្ទូចលោក ហ៊ុន សែន ហើយ។

បើយើងវិភាគទៅលើខ្លឹមសារ នៃសារលិខិតនោះ លោក ហ៊ុន សែន មានបំណងធ្វើឲ្យលោក សម រង្ស៊ី មានទឹកចិត្តក្នុងការវិលត្រឡប់ចូលស្រុកវិញដោយសារតែលោក សម រង្ស៊ី ច្បាស់ជាគិតថា លោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោចំពោះការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី។ នៅពេលដែលសម រង្ស៊ី យល់បែបនេះ សម រង្ស៊ី ដែលជា មនុស្សអំនួតនិងអញនិយមមិនយល់ពីល្បិចកលរបស់លោក ហ៊ុន សែន អាចមានទឹកចិត្តមួយចង់វិលចូលស្រុកវិញ ដើម្បីផ្តួលរំលំអំណាចលោក ហ៊ុន សែន។ ទឹកចិត្តពុះកញ្ជ្រោលចង់រំលំអំណាចលោក ហ៊ុន សែន នេះហើយដែលនឹងធ្វើឲ្យសម រង្ស៊ី ក្លាយជា សត្វមមាចមិនស្គាល់ភ្លើងដោយគិតថាភ្លើងគួរឲ្យស្រឡាញ់ និងគួរឲ្យប្រឡែងលេង។ ប៉ុន្តែនៅទីបំផុត សត្វមមាចនឹងស្លាប់ដោយសារតែអណ្តាតភ្លើងឆាបឆេះយ៉ាងវេទនា។

គេត្រូវចងចាំថា លោក ហ៊ុន សែន ជាមនុស្សចិត្តទុន តែក៏ចិត្តដាច់ខ្លាំងណាស់ដែរ។ បើលោក ហ៊ុន សែន ចង់ធ្វើហើយ កំណត់មុខសញ្ញាហើយ គឺគាត់វ៉ៃអោយចំគោលដៅនិងវ៉ៃមិនឲ្យ សត្រូវដឹងខ្លួននិងមិនឲ្យតដៃវីញបានឡើយ។ មានឧទាហរណ៍ជាក់ស្តែងសំខាន់ៗជាច្រើនកន្លងមកដែលគួរសិក្សា៖

ទី១៖ ការរំលាយអង្គការចាត់តាំងខ្មែរក្រហមឲ្យរលាយសាបសូន្យគ្មានសល់
ទី២៖ គឺការកម្ទេចគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ឲ្យរលាយខ្ទេចខ្ទីក្លាយជាផេះផង់
ទី៣៖ គឺការចាប់ខ្លួនលោក កឹម សុខា ទាំងកណ្តាលយប់អាធ្រាត ដោយមិនខ្លាចញញើតអ្វីទាំងអស់
ទី៤៖ ការរំលាយចោលនូវអង្គការនយោបាយទាំងឡាយណាដែលលោក ហ៊ុន សែន គិតថាត្រូវតែកម្ទេចចោល។
លោក ហ៊ុន សែន ជាមនុស្សយុទ្ធសាស្ត្រនិងមានបទពិសោធន៍ ឆ្អិនឆ្អៅផ្នែកសឹកសង្គ្រាម។ ដូច្នេះ លោក ហ៊ុន សែន ជាមនុស្សពោរពេញដោយឧបាយកិច្ចនិងយុទ្ធសាស្ត្រយ៉ាង
ខ្ពស់ ដែលអាចទប់ទ់លនិងកម្ទេចសត្រូវ ឬគូប្រជែងបានយ៉ាង ងាយតាមគ្រប់វិធី។

ចំណែកលោក សម រង្ស៊ី វិញជាមនុស្សគ្មានយុទ្ធសាស្ត្រ ខ្វះបញ្ញា មើលមិនជ្រៅ ទៅមិនឆ្ងាយ គឺពិតជាងាយធ្លាក់ចូលក្នុងអន្ទាក់លោក ហ៊ុន សែន ណាស់។ ដោយសារលោក ហ៊ុន សែន យល់យ៉ាងច្បាស់ពីចំណុចខ្សោយរបស់លោក សម រង្ស៊ី បែបនេះហើយបានជាលោក ហ៊ុន សែន អាចវាយកម្ទេចលោក សម រង្ស៊ី និងគណបក្សរបស់ សម រង្ស៊ី បាន យ៉ាងងាយ។

អាចនិយាយថា ត្រឹម សម រង្ស៊ី លោក ហ៊ុន សែន អាចស៊ីផុយដោយគ្រាន់តែបោះនុយបន្តិចបន្តួច។ រឿងបែកធ្លាយឯកសារដោយចេតនាក៏ ត្រូវបានលោក ហ៊ុន សែន ប្រើប្រាស់ជាញឹកញាប់ដែរដើម្បីដាក់នុយឲ្យលោក សម រង្ស៊ី ចឹក។ ករណីបែកធ្លាយដោយចេតនានូវឯកសារចុងក្រោយនេះត្រូវគេមើលឃើញថា ជាកលល្បិចថ្មីមួយទៀតដែល លោក ហ៊ុន សែន ប្រើដើម្បីបញ្ចប់ជីវិតនយោបាយផង និងកំទេចលោក សម រង្ស៊ី ឲ្យដល់ឬសគល់ផង ទោះដោយតំលៃណាក៍ដោយ។ ហើយប្រសិនបើលោក សម រង្ស៊ី ហ៊ានតែជោរញ័រចង់វិលចូលស្រុកមែន គឺចប់ហើយ ចប់ជាស្ថាពរ។ លោក សម រង្ស៊ី នឹងក្លាយជាចំណីរបសលោក ហ៊ុន សែន ជាក់ជាមិនខាន។

ដូច្នេះគ្រាន់តែល្បិចកំប៉ិកកំប៉ុកប៉ុណ្ណឹងក៏លោក សម រង្ស៊ី គ្មានសមត្ថភាពក្នុងការមើលអោយធ្លុះនិងវាយតំលៃអោយបានត្រឹមត្រូវផង។ នេះបានពិតជាអន់ណាស់ អន់យកតែមែនទែន។

មន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជន បានលួចខ្សឹបប្រាប់ថា «សូម្បីតែពួកខ្ញុំនៅជាមួយលោក ហ៊ុន សែនជិត៤០ឆ្នាំ ក៍មិនអាចវាយ តំលៃត្រូវបានផងអំពីការបោះជំហ៊ានមួយៗ តែធ្ងន់ដូចជើងដំរី របស់លោកហ៊ុន សែន ហើយជាពិសេសគឺការដែលគាត់ ដាក់ចេញនូវយុទ្ធវិធីបែងភាគនិងបំភាន់គួបផ្សុំនឹងសន្លឹកបៀរដែល លោក ហ៊ុន សែនលាក់ ទុកក្នុងដៃអាវដើម្បីឈានទៅសំរេចនូវគោលដៅដែលគាត់បានកំណត់ ទុក .... ដូច្នេះធ្វើម៉េច សម រង្ស៊ី អាចមើលយល់ .... កុំថាឡើយចង់ផ្តួលលោក ហ៊ុន សែន» ដូច្នេះម្តងនេះជាថ្មីទៀតហើយដែលលោក សម រង្ស៊ី បានស៊ីនុយបោះដោយលោក ហ៊ុន សែន ថាជាចំណីដ៏ឆ្ងាញ់។ ប៉ុន្តែលោក សម រង្ស៊ី អត់បានមើលឃើញទេថា នៅក្នុងនុយនោះមានបង្កប់ផ្លែសន្ទូចយ៉ាងមុតស្រួចដែលអាចផ្តាច់ជីវិតខ្លួនបាន៕