(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នឹងមកដល់កម្ពុជា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី ១៣ ហើយនឹងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្នុងនោះ លោក ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោកក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ លោកក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេសបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕