(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព ដែលមានសមាជិក សមាជិកាមកពីក្រសួង ស្ថាប័នជិត៣០ ដែលដឹកនាំដោយលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានពិភាក្សាការងារ លើផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨ -២០២៧ ដែលធ្វើឡើង។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសុខាភិបាល។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា គោលបំណងកិច្ចប្រជុំនេះ គឺដើម្បីឱ្យក្រសួងនីមួយៗពិនិត្យការងារ ដែលបានដាក់អនុវត្ដឡើងវិញ និងរៀបចំក្រុមការងារបច្ចេកទេសមួយទៀត ដើម្បីលម្អិតបន្ថែមលើការទប់ស្កាត់ជំងឺមិនឆ្លង៤មុខ ដែលលេចធ្លោក្នុងសង្គមជាតិនេះ រួមមាន៖ ជំងឺសរសៃឈាមបេះដូង, ជំងឺមហារីក, ជំងឺផ្លូវដង្ហើមរុំាំរ៉ៃ និងជំងឺទឹកនោមផ្អែម ។

រដ្ឋមន្ដ្រីបានថ្លែងថា ដោយសារជំងឺមិនឆ្លង សម្រាប់មនុស្សចាស់ ក្នុងចំណោម១០០នាក់ មាន៦៤នាក់ ហើយ ដែលកើតជំងឺនេះ។ក្នុងនោះអាត្រាស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង២៤%, ជំងឺមហារីក១៤%, ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ៤% និងជំងឺទឹកនោមផ្អែម២%។ បច្ចុប្បន្នជំងឺមិនឆ្លងទាំងនេះ កំពុងតែសម្លាប់ប្រជាជនកម្ពុជា ដែលស្ថិតក្នុងវ័យពោរពេញទៅដោយផលិតភាព។ ជាងពាក់កណ្តាលនៃបុរស និងជាងមួយភាគបីនៃស្ត្រី ដែលស្លាប់ដោយសារជំងឺមិនឆ្លង គឺស្ថិតក្នុងមានអាយុក្រោម៦០ឆ្នាំ។

ជំងឺមិនឆ្លងធំៗទាំងបួននេះ បណ្ដាលមកពី ការបរិភោគរបបអាហារមិនល្អសម្រាប់សុខភាព កង្វះកាយវប្បកម្ម ការប្រើប្រាស់ថ្នាំជក់ ដែលមានបារីជាដើម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺមិនឆ្លង ដែលមានការកើនឡើងនោះ ទើបសមាជិក សមាជិកាមកពីក្រសួង ស្ថាប័នជិត៣០ ដែលមានមុខងារ និងតួនាទីផ្សេង រួមគ្នារកវិធានការ ដោះស្រាយ ធ្វើយ៉ាងណាបង្ការប្រជាជនកម្ពុជា មិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើន និងការព្យាបាលសម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង កុំឲ្យធ្លាក់ខ្លួនជាជនពិការឬក៏ឆាប់ស្លាប់។

ខាងក្រោមនេះ ជាសមាសភាពនៃគណៈកម្មាធិការជាតិបរិស្ថាន និងសុខភាព៖
១៖ ក្រសួងសុខាភិបាល
២៖ ក្រសួងអប់រំ យុវជននិងកីឡា
៣៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម
៤៖ ក្រសួងរ៉ែនិងថាមពល
៥៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
៦៖ ក្រសួងមហាផ្ទៃ
៧៖ ក្រសួងពាណិជ្ជកម្ម
៨៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
៩៖ ក្រសួងព័ត៌មាន
១០៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
១១៖ ក្រសួងធម្មការនិងសាសនា
១២៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
១៣៖ ក្រសួងផែនការ
១៤៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
១៥៖ ក្រសួងបរិស្ថាន
១៦៖ ក្រសួងទេសចរណ៍
១៧៖ ក្រសួងកិច្ចការនារី
១៨៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
១៩៖ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ
២០៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
២១៖ ក្រសួងការពារជាតិ
២២៖ ក្រសួងអភិវឌ្ឍន៍ជនបទ
២៣៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី
២៤៖ ក្រសួងយុត្ដិធម៌
២៥៖ ក្រសួងធនធានទឹក និងឧតុនិយម
២៦៖ ក្រសួងទំនា់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
២៧៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
២៨៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ៕