(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានជំរុញឱ្យថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១១ និងនាយទាហានបន្តវេនជំនាន់ទី១២ និស្សិតនាយទាហានគ្រប់ជំនាន់ កំពុងបំពេញការងារ និងកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធា ក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាជន និងការគាំទ្ររបស់រាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលសុខសន្តិភាព និងរីកចម្រើននាបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលនាយទាហានទ័ព ជើងគោកជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក នាឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានបញ្ជាក់ថា អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រមទាំងកិច្ចសហការល្អពីថ្នាក់ដឹកនាំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គបញ្ជាការនៃ (ខ.ភ.ម) ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ.ភ.ម វិទ្យាស្ថានដំណើរ ការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ព ជើងគោកជំនាន់ទី១១ និងវគ្គនាយទាហាន រងបន្តវេនជំនាន់ទី១២ មានសិស្ស និស្សិតនាយទាហានដែលទើបប្រឡង ជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី១១ ហ្វឹកហ្វឺនសរុប២៤៨នាក់ ក្នុងនោះមាននិស្សិតនាយទាហានជានារីចំនួន៣៩នាក់ ប្រើរយៈពេលហ្វឹកហ្វឺន៤ឆ្នាំលើខ្លឹមសារមុខវិជ្ជាមេរៀន រួមមាន ចំណេះដឹងយោធា ចំណេះដឹងវប្បធម៌ទូទៅ ចំណេះដឹងឯកទេស និងការអនុវត្តការងារផ្សេងៗ។

ដោយឡែកសំរាប់វគ្គនាយទាហានបន្តវេនជំនាន់ទី១២ មានសិស្ស និស្សិត ទើបប្រឡងជាប់ចូលជានាយទាហានរងបន្តវេន សម្រាប់វគ្គជំនាន់ទី១២នេះ មានសិស្សនិស្សិតសរុប១៧៤នាក់ មានសិស្សជានារីចំនួន២៨នាក់ រយៈពេលហ្វឹកហ្វឺន៦ខែ លើខ្លឹមសារមេរៀនរួមមាន ចំណេះដឹងយោធាចំ ណេះអប់រំ គរុកោសល្យ ចំណេះដឹងទូទៅ និងការងារត្រៀមបម្រុងផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឱ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិសេសនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ខ.ភ.ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបម្រើការ និងនាយទាហានទាំងអស់របស់សាលា សហការគ្នាបានល្អ រៀបចំឱ្យមានកម្មវិធីសិក្សានឹងដំណើរ ការវគ្គហ្វឹកហ្វឺនជាច្រើនសំដៅពង្រឹង ពង្រីកសមត្ថភាពកងទ័ពយើងឱ្យកាន់តែមានគុណភាព អាចពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ឱ្យកាន់តែរឹងមាំ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បញ្ជាក់ទៀតថា ការងារហ្វឹកហ្វឺនគឺជាការចាំបាច់តម្រូវឱ្យ ខ.ភ.ម គ្រប់កងឯកភាពត្រូវតែមាន ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដល់កងទ័ពលើគ្រប់ជំនាញ ចំណេះដឹងទូទៅ ភាសាបរទេស និងជំនាញឯកទេសផ្សេងៗ ដើម្បី ខ.ភ.ម មានគ្រប់លទ្ធភាព ក្នុងការចូលរួមបំពេញកាតព្វ កិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

បន្ទាប់មក គណអធិបតីប្រកាសបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានទ័ពជាគោកជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១២ នេះចាប់ពីពេលនេះតទៅ ព្រមទាំងផ្ដល់ថវិកាចំនួន១០លានរៀលដល់វិទ្យាស្ថានផងដែរ៕