(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការ នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិនដោយផ្ទាល់ហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ។

ពិធីប្រកាសជាផ្លូវការ នាំចេញចេកអំបូងលឿង ទៅកាន់ប្រទេសចិន នៅថ្ងៃនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច ប្រចាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុនចំនួន៥របស់កម្ពុជា ដែលដាំដុះ និងការវេចខ្ចាប់ចេកអំបូងលឿង ទទួលការអនុញ្ញាតពីភាគីចិន នាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ថ្លែងនៅក្នុងពិធីសម្ពោធ នៃការនាំចេញចេកអំបូងលឿង ដោយផ្ទាល់ទៅកាន់ប្រទេសចិន លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា លទ្ធផលចេកអំបូងលឿង មានតម្រូវខ្ពស់នៅលើទីផ្សារអន្ដរជាតិ ហើយចេករបស់ប្រទេសកម្ពុជា កំពុងធ្វើការនាំចេញជាបន្ដបន្ទាប់។

លោកក៏បានលើកយកពីការខិតខំប្រឹងប្រែង រហូតចរចារជាមួយភាគីចិន ទាំងនីតិវិធីបែបបទ ឯកសារ បច្ចេកទេស និងជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យ រហូតអាចសម្រេចបាន ការនាំចេញចេកទៅកាន់ប្រទេសចិនបាន។

មុនមិនទាន់មានការអនុញ្ញាតនាំចេញចេកអំបូងលឿង ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់នោះ ចេកអំបូងលឿង ដែលដាំដុះ និងវេបខ្ចាប់នៅកម្ពុជា ត្រូវនាំចេញតាមប្រទេសវៀតណាម ទើបបន្ដទៅកាន់ប្រទេសចិន។

ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានបញ្ជាក់ថា ដើម្បីអនុវត្ដផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្រសួងបានខិតខំពុះពារគ្រប់បែបយ៉ាង ធ្វើយ៉ាងណានាំកសិផលកម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ។ ជាក់ស្ដែងការនាំចេញចេកអំបូងលឿង ដោយផ្ទាល់ទៅប្រទេសចិន នៅថ្ងៃនេះ។

លោកបានបញ្ជាក់ថា «ពិតណាស់លទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងភាគីទាំងពីរ ក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិន ធ្វើយ៉ាងណា ដើម្បីនាំផ្លែចេកស្រស់កម្ពុជា ចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានឈានដល់ការចុះពិធីសារស្តីពីការអនុញ្ញាតឲ្យកម្ពុជា អាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន»។

លោកបន្ដថា ក្រោយពីបានចុះពិនិត្យ និងវាយតម្លៃ របស់ក្រុមការងារបច្ចេកទេសវាយតម្លៃ របស់អគ្គរដ្ឋបាលគយរបស់ចិន នាចុងខែកម្ភះ បានចុះពិនិត្យ ១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោលការណ៍ អនុញ្ញាតនាំចេញ ផ្លែចេកអំបូងលឿងស្រស់។ ក្រោយការបញ្ចប់ធ្វើការវាយតម្លៃ គឺមានតែក្រុមហ៊ុនចំនួន៥ប៉ុណ្ណោះ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញចេកស្រស់ ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ៕