(ភ្នំពេញ)៖ វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Doctor Job» ដែលស្ថិតក្រោមគម្រោង UNited for Youth Employment ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។

ការសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីលោក នីក បេរ៉េសហ្វត ប្រធាន UNDP ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការក្រៅរដ្ឋាភិបាល សមាគមនិយោជក សហជីព ដៃគូអភិវឌ្ឍន៍ សិស្ស-និស្សិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ថ្លែងក្នុងពិធីសម្ពោធផ្សព្វផ្សាយនេះ លោក អ៉ិត សំហេង បានឱ្យដឹងថា ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញដំណើរការទីផ្សារការងារកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្ម ដែលប្រកបដោយសក្តានុពល ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត ការជ្រើសរើសមុខជំនាញសិក្សាសមស្របតាមតម្រូវការទីផ្សារការងារ ការស្វែងរកការងារដោយប្រសិទ្ធភាព ពិសេសការត្រៀមលក្ខណៈចូលទីផ្សារការងារ និងបង្កើនលទ្ធភាពទទួលបានការងារកាន់តែងាយស្រួល ការរៀបចំផែនការអាជីព និងការងារបានល្អប្រសើរ គឺជាមធ្យោបាយគន្លឹះដ៏ចាំបាច់សម្រាប់ផ្សារភ្ជាប់សមត្ថភាពរបស់យុវជន សិស្ស និស្សិត និងកម្មករនិយោជិត ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងអាជីពអនាគត។

គួរបញ្ជាក់ថា ខ្សែវីដេអូនេះ នឹងផលិតជាសាច់រឿងចំនួន ៧វគ្គ ដែលផ្តោតលើដំណាក់កាលផ្សេងៗ នៃការរៀបចំផែនការអាជីព ដោយប្រធានបទនីមួយៗ ត្រូវបានដកស្រង់ចេញពីតម្រូវការជាក់ស្តែងដែលកើតមាន ចំពោះយុវជន និងក្នុងទីផ្សារការងារបន្ទាប់ពីបានធ្វើការសិក្សាអង្កេតយ៉ាងល្អិតល្អន់។

លោក នីក បេរ៉េសហ្វត បានលើកឡើងនៅក្នុងពិធីសម្ពោធនេះថា ការដាក់សម្ពោធខ្សែវីដេអូ Dr. Job នាថ្ងៃនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។ ខ្សែវីដេអូ Dr. Job ទាំង៧វគ្គនេះ នឹងចូលរួមដោះស្រាយបញ្ហាគម្លាតជំនាញក្នុងចំណោមយុវជនកម្ពុជា ដែលរារាំងក្នុងទទួលបានការងារសមរម្យនៅក្នុងទីផ្សារការងារ ដែលមានដូចជាការរៀបចំផែនការអាជីព ការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ជាដើម។

លោក អ៉ិត សំហេង ក៏បានរំឭកផងដែរនូវចំណុចខ្លះៗអំពីការកសាងផែនការអាជីព ដើម្បីយុវជន សិស្សា នុសិស្សទុកជាទុនសម្រាប់ធ្វើការពិចារណាថា «ការកសាងអាជីពត្រូវរៀបចំឲ្យបានលឿនតាំងពីក្មួយៗ ស្ថិតនៅក្នុងថ្នាលសិក្សា ដោយផ្តើមចេញពីដំណាក់កាលជាច្រើនដូចជា ការកំណត់គោលដៅសិក្សា ការជ្រើសរើសមុខវិជ្ជាសិក្សា ការស្វែងយល់ពីជំនាញដែលមានតម្រូវការក្នុងទីផ្សារការងារ ការស្រង់បទពិសោធន៍ពីពិភពការងារ ឬហាត់ធ្វើការងារ ការដឹងពីប្រភពការងារ ការប្រកួតប្រជែងយកឱកាសការងារ ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការរក្សាការងារដោយប្រើប្រាស់ជំនាញបច្ចេកទេស និងជំនាញទន់ជាដើម»។

ភាពចាំបាច់នៅក្នុងការរៀបចំ និងកសាងផែនការអាជីព គឺដើម្បីកាត់បន្ថយគម្លាតបន្ទាប់បញ្ចប់ការសិក្សា រួចឈានចូលទៅក្នុងទីផ្សារការងារ សំដៅទទួលបានការងារកាន់តែឆាប់រហ័ស និងប្រកបដោយភាពប្រកួតប្រជែង។

ខ្សែវីដេអូ «Dr. Job» នេះនឹងដើរតួជាឧបករណ៍ជួយប្រឹក្សាយោបល់បំពេញបន្ថែម កាន់តែងាយស្រួលលើសពីវិធីសាស្ត្រធ្លាប់ប្រើកន្លងមកដោយ NEA ដែលតម្រូវឲ្យជួបមុខផ្ទាល់ជាឯកជន ឬជាក្រុមជាមួយសិស្ស និស្សិត និងអ្នកស្វែងរកការងារ ដើម្បីពិភាក្សាដោះស្រាយបញ្ហាការងារ និងការរៀបចំមាគ៌ាអាជីព។

NEA នឹងធ្វើការផ្សព្វផ្សាយខ្សែរឿងទាំងអស់ឲ្យបានជ្រួតជ្រាបទូលំទូលាយដល់មហាជន តាមគ្រប់មធ្យោបាយសំខាន់ៗ ដូចជា គេហទំព័រ និងហ្វេសប៊ុក NEA, YouTube, ទូរទស្សន៍ និងបន្ទប់សោតទស្សន៍នៅក្នុងមជ្ឈមណ្ឌលការងារភ្នំពេញ៕