(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង, ជំនាញអាវុធគាំទ្រ, ជំនាញកាំភ្លើងការពារអាកាស និងជំនាញបញ្ជូនសារ ប្រចាំឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើ គ្រប់វិស័យនៅកម្ពុជា។

ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ ថ្នាក់ដឹកនាំកងពល ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកកម្ពស់ សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខសុវត្ថិភាពទាំងមនុស្ស និងសម្ភារ គ្រឿងបំពាក់ឲ្យបានល្អប្រសើរ សំដៅលើកកម្ពស់ការ កសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

មេបញ្ជាការកងទ័ពរូបនេះ បានគូសបញ្ជាក់ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្តល់ នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឲ្យដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះ ការងារហ្វឹកហ្វឺន ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

លោកអះអាងថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំកងពលតូចអន្តរាគមន៍លេខ១ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជា ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមគាំទ្រលើកទឹកចិត្តឲ្យបន្ត ការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចសមិទ្ធិផល កាន់តែល្អប្រសើរជូនជាតិ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះធនាគារជាតិ នៃកម្ពុជា ដែលបានខិតខំចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទ ជាក់ស្តែងបានអនុវត្តយ៉ាងសកម្មនូវកិច្ចការសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ១ តាំងពីដើមរៀងមក រហូតកងពលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពង្រឹងបាននូវសមត្ថភាព ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។

ការចូលរួមនេះ គឺជាសក្ខីភាពនៃចំណងសាមគ្គីរវាងកងទ័ព និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ នៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិ ច្ច របស់កងយោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យធំៗជាច្រើន ទាំងក្នុងភារកិច្ចការពារជាតិមាតុភូមិ និងការរួមចំណែកអភិវឌ្ឍជាតិ ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលយើងសម្រេចបានក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ដោយមានការគាំទ្រយ៉ាងសកម្មពីប្រជាជន នៅគ្រប់កាលៈទេសៈទាំងអស់៕