(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន CRCC សិក្សាសាងសង់ផ្លូវដែកមួយខ្សែថ្មីទៀត តភ្ជាប់ពីក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ។

ការស្នើរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) នៅទីស្ដីការក្រសួងសាធារណការ។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការស្នើឲ្យសាងសង់ ផ្លូវដែកមួយខ្សែថ្មីនេះ ក្នុងបំណងបម្រើដល់វិស័យទេសចរ ដោយហេតុថា មានអ្នកទេសចរយ៉ាងច្រើនចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសិង្ហបុរី មកទស្សនាប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន មកអំឡុងពេលនេះ ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះដែរ លោក Wang Wenzhong បានកត់សម្គាល់លើសំណើរបស់លោកទេសរដ្ឋមន្រ្តី និងបានស្នើឱ្យមានការពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងគោលបំណងឱ្យផ្លូវដែកភាគខាងជើង និងភាគខាងត្បូងរបស់កម្ពុជា អាចដំណើរការបានរលូនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញផងដែរ។

លោក Wang Wenzhong បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីអំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម របស់ CRCC នៅក្នុងប្រទេសចិន និងការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

សូមជម្រាបជូនថា ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និងវិស្វកម្មធំបំផុតទីពីរ នៅលើពិភពលោក៕