(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យមើលការរៀបចំបន្ទប់ថ្វាយបង្គំ ជូនសាសនិកឥស្លាម នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ថ្ងៃនេះ យើងបានចុះមកពិនិត្យរៀបចំនូវការប្រតិបត្ដិគោលនយោបាយសុដុរម្មណីខាងសាសនា ក៏ដូចជាគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានប្រកាសក្នុងអំឡុងរៀបចំកម្មវិធី ស្រាយបួស ខែរ៉ម៉ាឌន កាលពីថ្ងៃទី០៧ ខែឧសភា ដោយតម្រូវរៀបចំទីតាំងណាមួយនៃមន្ទីរពេទ្យ និងសាសារៀន ឱ្យមានបន្ទប់សម្រាប់សាសនិកឥស្លាមថ្វាយបង្គំ ដើម្បីសម្រួលនូវការប្រតិបត្ដិពួកគាត់»។

លោកបន្តថា ជាក់ស្ដែងនៅថ្ងៃនេះ យើងចុះមកពិនិត្យរៀបចំបន្ទប់ ថ្វាយបង្គំបងប្អូនឥស្លាម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ហើយយើងនឹងបន្ដធ្វើនៅតាមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ដើម្បីចូលរួមចំណែកផ្ដល់ភាពងាយស្រួល ជូនដល់សាសនិកឥស្លាម ជាអ្នកជំងឺ គ្រូពេទ្យ និងនិស្សិត មិនពិបាករកទីតាំងសម្រាប់ប្រតិបត្ដិសាសនារបស់ខ្លួន។ ហើយការរៀបចំនេះទៀតសោត គឺពិតជាល្អណាស់ សម្រាប់បងប្អូនឥស្លាម ក្រោមដំបូងសុខសន្ដិភាពកម្ពុជានេះ ។

ទន្ទឹមនឹងនោះ ក្រុមនិស្សិតពេទ្យ គ្រូពេទ្យ អ្នកជំងឺ ក៏សម្ដែងនូវការសប្បាយចិត្ដ និងរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញឲ្យមានកន្លែងថ្វាយបង្គំ សម្រាប់សាសនិកឥស្លាមគ្រប់មន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យបង្អែក នឹងបន្តរៀបចំកន្លែងនៅតាមបណ្តាសាកលវិទ្យាល័យនានាថែមទៀត ដើម្បីឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។

សូមជម្រាបថា ក្នុងឱកាសលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ចុះទៅពិនិត្យបន្ទប់ថ្វាយបង្គំជូន សាសនិកឥស្លាម រដ្ឋមន្ដ្រីក៏បានចុះសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្ដភាពមិត្ដភាពខ្មែរ សូវៀត និងបានណែនាំដល់អ្នកជំងឺ ក៏ដូចជាគ្រួសារអ្នកជំងឺ ពីរបៀបថែសុខភាពខ្លួនផងដែរ។

លើសពីនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានបង្ហាញពីរបៀបប្រើប្រាស់សេវាកម្មបែបឌីជីថល នៅមន្ទីរពេទ្យសម្រាប់អ្នកជំងឺ ដែលនេះជាផ្នែកមួយសម្រួលការងារសម្រាប់គ្រូពេទ្យ និងអ្នកជំងឺផងដែរ ដើម្បីដឹងពេលប្រព័ន្ធនៃស្ថានភាពជំងឺ និងងាយស្រួលក្នុងការពិនិត្យព្យាបាលពេលមកលើកក្រោយទៀត៕