(ភ្នំពេញ)៖ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ចំនួន១០០លានរៀល។ ការបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

សូមជម្រាបថា យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេច បានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕