(ភ្នំពេញ)៖ ពិធីផ្លាស់ប្តូរអភិបាលខេត្តបន្ទាយមានជ័យដោយដាក់ លោក អ៊ុ រាត្រី អភិបាលរងខេត្ត ជំនួសលោក សួន បវរ នោះនឹងធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតរបស់ អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ លោក ប្រាក់​ សំអឿន ផ្ញើទៅកាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យ តែងតាំងលោក អ៊ុ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវបានផ្ទេរភារកិច្ច ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ។

ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានការទូលថ្វាយដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្នើផ្ទេរភារកិច្ច លោក សួន បវរ ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ហើយតែងតាំងអភិបាលរងខេត្តម្នាក់ គឺលោក អ៊ុ រាត្រី ជាអភិបាលខេត្តជំនួសវិញ។

ជាការកត់សម្គាល់ ការផ្លាស់ប្ដូរភារកិច្ចអភិបាលខេត្តបន្ទាយមានជ័យខាងលើនេះ បានកើតមានឡើង ក្រោយពីលោក សួន បវរ ត្រូវបានស្ដ្រីម្នាក់អះអាងថា ជាស្រីកំណាន់បានប្ដឹងផ្ដល់ ពាក់ព័ន្ធទៅនឹងចំណងស្នេហារបស់ពួកគេដែលធ្លាប់រស់នៅជាមួយគ្នា៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងមហាផ្ទៃ៖