(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក គឹម ធា សមាជិកព្រឹទ្ធសភា បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ចំនួន១ខ្នង ៦បន្ទប់ ដែលជាអំណោយរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់ជូនសាលាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោកនាយក និងលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យ ហ៊ុន សែន តាជៃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនរូបទៀត។

នៅក្នុងកម្មវិធីបញ្ចុះបឋមសិលានេះ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់លោកនាយក លោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យហ៊ុន សែន តាជៃ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល និងបានឧបត្ថម្ភជួយចាក់ដី បំពេញប្រឡាយជាប់ទីធ្លារបងសាលាផងដែរ។

បើតាមការឲ្យដឹង ពីលោកគ្រូអ្នកគ្រូ នៅសាលាអនុវិទ្យាល័យតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បានឲ្យដឹងថា ដោយមើលឃើញពីសុខទុក និងដើម្បីលើកស្ទួយវិស័យអប់រំ ដែលជាវិស័យអទិភាពចម្បង របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះ លោក ម៉ែន វិបុល បានចុះពិនិត្យមើលស្ថានភាពសាលារៀន ដោយផ្ទាល់ក្នុងនោះ ពិនិត្យឃើញថា សាលា១ខ្នង មានសភាពទ្រុឌទ្រោមខ្លាំង ដែលមិនអាចឲ្យសិស្សានុសិស្សរៀនសូត្របាននោះ ទើបលោក អ៊ុក រ៉ាប៊ុន អតីតជាគ្រូបង្រៀននៅសាលារៀនតាជៃនេះផង លោកបានជួយកសាងទុកជាចំណងដៃ នៅសាលារៀនមួយខ្នងនេះ ទុកសម្រាប់សិស្សានុសិស្ស រៀនសូត្រ ក្រៀបយកចំណេះវិជ្ជា។

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលារៀន អនុវិទ្យាល័យកំពង់ចម្លង ឃុំកំពង់ចម្លង សូមថ្លែងអំណរគុណដល់លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលបានជួយកសាងសាលារៀនមួយខ្នងនេះ ទុកជាកន្លែងផ្តល់ចំណេះដឹង ដល់សិស្សានុសិស្ស និងជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយចំណេះជំនាញ ជាទំពាំងស្នងឫស្សី នៃប្រទេសជាតិផងដែរ៕