(ព្រះសីហនុ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យមុខម្ហូបស្រស់ ឬគ្រឿងសមុទ្រស្រស់ៗ អាហារវេចខ្ចប់ស្រាប់ និងត្រួតពិនិត្យទៅលើកាលបរិច្ឆេទទំនិញជាច្រើនប្រភេទទៀត ដែលអាជីវករដាក់លក់នៅផ្សារពាណិជ្ជកម្ម ផ្សាក្តាម លក់តាមផ្ទះ និងតាមផ្សារទំនើប របស់ថៅកែជនជាតិចិនជាដើម នាក្រុងព្រះសីហនុ។

លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលដឹកនាំក្រុមការងារចុះពិនិត្យគុណភាពទំនិញ ឬចំណីអាហារនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា បំណងនៃការចុះត្រួតពិនិត្យទំនិញ របស់មន្ត្រីកាំកុងត្រូល ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។

លោក ជា ប៉ិច បន្តថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យចំណីអាហារ និងទំនិញផ្សេងៗ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹក ត្រីប្រឡាក់ ត្រីស្រស់ ត្រីចំហុយ និងសណ្តែកបណ្តុះ ជាដើម ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារជាច្រើនប្រភេទថែមទៀតផង។

ជាលទ្ធផល គឺមិនមានសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារទាំងនោះទេ ប៉ុន្តែបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់មួយចំនួនរួមមាន៖ ប្រេងខ្យងចំនួន ១២ដប ឬ ស្មេីរនឹង ៣.១២គីឡូក្រាម នៅផ្សារម៉ាតហ័នជីគូ ដែលមានថៅកែជាជនជាតិចិន។

លោក ជា ប៉ិច បានឱ្យដឹងថា ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ខាងលើនេះ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុរួច ក៏បានដកហូតទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់។

មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់អាជីវករឱ្យចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល ដើម្បីសុវត្ថិភាពចំណីអាហារគ្មានសារធាតុគីមីឱ្យបានទាំងអស់គ្នា ប្រយោជន៍ឈានទៅរួមចំណែកជួយថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពនៅតាមក្រុមគ្រួសារនីមួយៗឲ្យបានប្រដើរឡើង៕