(ហ្វីជី)៖ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ ឬកិច្ចប្រចាំឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី បានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ តាមការគ្រោងទុក ដើម្បីសម្រេចឲ្យបាននូវវិបុលភាព ប្រកបបរិយាប័ន្ន, ភាពធន់ និងនិរន្តភាព សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វីក។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានចូលរួមដឹកនាំកិច្ចប្រជុំនេះ ក្នុងនាមប្រទេសកម្ពុជា ដែលត្រូវបានជ្រើសតាំងជាអនុប្រធាន នៃកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល។

កិច្ចប្រចាំឆ្នាំលើកនេះ ក៏ដូចលើកមុនៗផងដែរ, អង្គប្រជុំបានធ្វើការពិភាក្សាលើច្រើនប្រធានបទ គ្របដណ្តប់ច្រើនវិស័យ ក៏ដូចជាប្រតិបត្តិការរបស់ ADB ក៏ប៉ុន្តែនៅក្នុងចំណោមប្រធានបទ នៃកិច្ចពិភាក្សាទាំងនោះ បញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តភាព (Sustainable tourism) និងបញ្ហាបរិស្ថានសមុទ្រ ឬសុខភាពរបស់សមុទ្រ (Ocean health) បានក្លាយទៅជាប្រធានបទស្នូល សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នេះ។

គួរបញ្ជាក់ដែរ វិស័យទេសចរណ៍បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។ ជាក់ស្តែង ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មកកាន់តំបន់អាស៊ី និងប៉ាស៊ីហ្វិកបានកើនឡើងដល់ប្រមាណ ៣៥០លាននាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ ពោលមានកំណើនទ្វេដងធៀបនឹងឆ្នាំ២០០៥។

ទន្ទឹមនឹងនេះ ប្រជាជនអាស៊ីក៏ធ្វើទេសចរណ៍កាន់តែច្រើនផងដែរ ដោយការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល គួបផ្សំនឹងការអភិវឌ្ឍរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍។ ជាទស្សនវិស័យទៅថ្ងៃមុខ ជាពិសេសនៅក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលមានការប្រើប្រាស់មនុស្សយន្ត និងបញ្ញាសប្បនិមត្តិ (AI), វិស័យទេចរណ៍ នឹងក្លាយជាវិស័យមួយដែលមានការប្រើប្រាស់មនុស្សច្រើនទៅវិញ។

ក្នុងន័យនេះ តំបន់ទាំងមូលត្រូវបន្តជំរុញការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព តាមរយៈការវិនិយោគបន្ថែមលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ ដោយមានការគិតគូរទៅដល់និរន្តភាពបរិស្ថាន, កេរ្ដិ៍មរតកវប្បធម៌ និងសហគមន៍មូលដ្ឋាន។

ដោយឡែក បញ្ហបរិស្ថានសមុទ្រក៏ជាបញ្ហាដែលគួរឲ្យយកចិត្តទុកដាក់ផងដែរ ដោយសារសមុទ្រ កំពុងទទួលរងការគំរាមកំហែងកាន់តែខ្លាំងឡើង ដោយសារកត្តាផ្សេងៗ ពិសេសការបង្ហូរទឹកកង្វក់ និងការបោះចោលកាកសំណល់ផ្លាស្ទីកចូលទៅក្នុងសមុទ្រ។ តាមការព្យាករណ៍ ប្រសិនបើមិនមានចំណាត់ការ ចំពោះការគំរាមកំហែងនេះទេ នឹងបណ្តាលឲ្យ៩០% នៃផ្កាថ្មបប្រិះទឹកនៅក្នុងតំបន់ទាំងមូល ត្រូវបាត់បង់នៅត្រឹមឆ្នាំ២០៥០ ហើយធនធានសមុទ្រ ក៏នឹងត្រូវហិនហោចយ៉ាងធំសម្បើមផងដែរ ដូចនេះបណ្តាប្រទេសទាំងអស់ត្រូវចូលរួមថែរក្សាការពារបរិស្ថានសមុទ្រ (Ocean health) ដើម្បីភពផែនដី។ ដើម្បីផ្តល់ការគាំទ្រដល់បេសកកម្មនេះ ADB សន្យានឹងបង្កើនការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសរបស់ខ្លួនដល់ប្រទេសសមាជិករហូតដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥២ របស់ ADB, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ, បានលើកឡើង ពីការរីកចម្រើនលើគ្រប់ វិស័យដែលកម្ពុជាសម្រចបាន នៅក្នុងរយៈពេលកន្លងមក ដោយគូសរំលេចអំពីសមិទ្ធិកម្មសេដ្ឋកិច្ចសំខាន់ៗ នៅក្នុង រយៈពេល៥ឆ្នាំចុងក្រោយ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរ អំពីការសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ នៅក្នុងការគៀគរចំណូលសារពើពន្ធ ដែលធ្វើឲ្យរាជរដ្ឋាភិបាល មានលទ្ធភាពកាន់តែច្រើន ក្នុងការបង្កើនចំណាយលើវិស័យអាទិភាព និងវិស័យលើកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។ លើសពីនេះ លោកបានលើកឡើង អំពីអាទិភាពគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ ADB លើកទី៥២ខាងលើនេះ លោក វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផងដែរ។

នៅក្នុងជំនួបនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធ និងស្មោះត្រង់រវាងរាជរដ្ឋាភិបាលកម្ពុជា និង ADB ជាពិសេសការសម្រេចបាននូវក្របខ័ណ្ឌយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣។

លោក វង្សី វិស្សុត បានស្នើសុំ ADB ជួយរៀបចំក្របខ័ណ្ឌវិនិយោគសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់ៗ មួយចំនួន ដូចជា៖ វិស័យថាមពល, ជំនាញ, ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំ ADB ផ្តល់ហិរញ្ញប្បទានចំពោះគម្រោងវិនិយោគ ដែលមានទឹកប្រាក់ធំៗ ទន្ទឹមគ្នានឹងការលើកកម្ពស់គុណភាពគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍកម្ពុជា នៅក្នុងដំណាក់កាលថ្មី៕