(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ ឬហៅថា (Mountai Biking Series ឆ្នាំ២០១៩) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅទីលានប្រណាំងព្រែកលៀប លោក ព្យែ អ៊ីវកាត់ទ្រី អគ្គលេខាធិការរងសហព័ន្ធកីឡាខ្មែរទោចក្រយាន និងជាស្ថាបនិកបង្កើតព្រឹត្តិការណ៍នេះ បានថ្លែងថា ការប្រកួតដំណាក់កាលទី១ គឺទទួលបានជោគជ័យ ជាងឆ្នាំមុនៗព្រោះមានអ្នកចូលរួមច្រើនលើសពីការរំពឹងទុក ពិសេសក្មេងៗតែម្តង។

លោក ព្យែ អ៊ីវកាត់ទ្រី បានបញ្ជាក់ថា ការប្រកួតជុំដំបូងនេះ ភូមិសាស្រ្តផ្លូវប្រកួតហាក់ស្រួលបន្តិច សម្រាប់អ្នកចូលរួម ត្បិតយើងចង់ឲ្យកីឡាករ កីឡាការិនី ចូលរួមប្រកួតបានច្រើន ប៉ុន្តែដំណាក់កាលប្រកួតជុំបន្តបន្ទាប់ទៀត យើងនឹងធ្វើផ្លូវសម្រាប់ប្រកួតឲ្យមានសភាពលំបាកបន្តិចម្តងៗ តាមដំណាក់កាល នៃការប្រកួត។

ដោយឡែក លោក អ៊ុ វណ្ណៈ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុនវីតាល់ បានលើកឡើងថា ការចូលរួមគាំទ្រឧបត្ថម្ភ ពីវីតាល់ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ ដ៏ពេញនិយមមួយនេះ គឺធ្វើឡើងក្នុងគោលដៅរួមចំណែកជំរុញការអភិវឌ្ឍវិស័យប្រណាំងកង់ភ្នំនៅកម្ពុជា ឲ្យកាន់តែមានភាពផុតផុលខ្លាំងឡើង ហើយដើម្បីផលិតបាននូវធនធានកីឡាករ កីឡាការិនី កង់ភ្នំល្អៗ ត្រៀមចេញប្រកួតប្រជែងទាំងនៅថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

តំណាងវីតាល់រូបនេះ បានគូសបញ្ជាក់ថា វីតាល់តែងចូលរួម ឧបត្ថម្ភគ្រប់សកម្មភាព ដូចការងារសង្គម មនុស្សធម៌ និងសកម្មភាពកីឡា តាមរយៈមូលនិធិ២៥រៀល ដែលប្រជាពលរដ្ឋជាវទឹកវីតាល់១ដបយកទៅពិសារ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ ដែលប្រសិទ្ធិនាមថា Mountai Biking Series ឆ្នាំ២០១៩ មានចំនួន៥ ដំណាក់កាល ដំណាក់កាលទី១ ធ្វើនៅទីលានប្រណាំងព្រែកលៀប ថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ, ដំណាក់កាលទី២ ធ្វើនៅខេត្តកែបនា ថ្ងៃទី១៦ ខែមិថុនា, ដំណាក់កាលទី៣ ធ្វើនៅភ្នំជៀល ខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែសីហា, ដំណាក់កាលទី៤ ធ្វើនៅភ្នំបាសិទ្ធិ ខេត្តកណ្តាល ថ្ងៃទី៣ ខែវិច្ឆិកា និងដំណាក់កាលទី៥ ជុំចុងក្រោយធ្វើនៅ កំពូលភ្នំគិរីរម្យថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩៕