(ភ្នំពេញ)៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់មួយប្រាវ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បណ្ដាលឲ្យបាក់រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មមួយផ្ទាំងកាត់ទទឹងផ្លូវជាតិ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ការរលំបាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវនេះ គេមិនទាន់ដឹងមានមនុស្សរងរបួសប៉ុន្មាននាក់នោះទេ ប៉ុន្ដែឃើញមានម៉ូតូមួយគ្រឿងត្រូវបានកៀបជាប់នៅក្រោមផ្លាកប៉ាណូដ៏ធំមួយនេះ។

យ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរ និងប្រជាការពារខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បាននិងកំពុងដុតដៃដុតជើង ដោះស្រាយសម្រួលចរាចរ និងវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងធ្លាក់ នៅសប្តាហ៍ទី៣ ក្នុងខែឧសភានេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីការតាមដានលើការវិវត្តអាកាសធាតុជាប្រចាំបង្ហាញឲ្យឃើញថា កម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាល ឆ្លងពីរដូវប្រាំងចូលរដូវវស្សា។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន៕