(សៀមរាប)៖ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប-ឧត្តរមានជ័យ បានជាប់ឆ្នោតក្នុងអាណត្តិថ្មីនេះបន្តទៀត ក្នុងដំណើរការជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប-ឧត្តរមានជ័យ អាណត្តិទី២ លើកទី២ ក្រោមវត្តមានរបស់លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមបោះឆ្នោត ពីអាជីវករសរុប ១៧៣នាក់ និងសមាជិកជ្រើសតាំងក្នុងតំណែង ដែលមានស្រាប់ចំនួន១៥រូប។ ពិធីនេះ ធ្វើឡើងនៅភោជនីយ៍ដ្ឋាន ម៉ុងឌីយ៉ាល់ ក្រុងសៀមរាប នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

លោក វ៉េង សុធី បានថ្លែងថា អនុវត្តតាមច្បាប់ ប្រធានសភាពាណិជ្ជកម្មខេត្ត-រាជធានី មានអាណត្តិ៦ឆ្នាំ ហើយនៅក្នុងពាក់កណ្តាលអាណត្តិ ត្រូវមានការជម្រុះសមាជិកជ្រើសតាំង ផុតអាណត្តិចំនួន៥០% និងមានការ បោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងថ្មី៥០% បំពេញបន្ថែមវិញផងដែរ។ ប្រធានសភាពាណិជ្ជកម្ម ប្រចាំមណ្ឌលខេត្ត-រាជធានី ពុំបានកំណត់ចំនួនអាណត្តិឲ្យបន្តឈរឈ្មោះនោះទេ ដរាបណាមានសមាជិកគាំទ្រ ប្រធានសភាពាណិជ្ជកម្មប្រចាំមណ្ឌលខេត្ត-រាជធានី មានសិទ្ធិបន្តការឈរឈ្មោះបោះឆ្នោតជាប្រធានដឹកនាំ ជារៀងរាល់អណត្តិថ្មី។

លោករដ្ឋលេខាធិការក្រសួង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកើតចេញពីការបោះឆ្នោត ដែលត្រូវបានការទទួលស្គាល់ដោយអនុក្រឹត ស្ថិតក្រោមក្រសួងពាណិជ្ជកម្មជាអាណាព្យាបាល គឺជាស្ថាប័នដ៏មានសារសំខាន់ណាស់ ក្នុងវិស័យវិនិយោគ ឋានានុក្រមរបស់សភាពាណិជ្ជកម្ម មានតាំងពីថ្នាក់ខេត្ត-រាជធានី រហូតដល់ថ្នាក់ជាតិ។ សភាពាណិជ្ជកម្មកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការគៀងគរ ប្រមូលអ្នកវិនិយោគទុនជាតិ-អន្តរជាតិ ។

លោកថា សភាពាណិជ្ជកម្មថ្នាក់ខេត្ត-រាជធានី ជាតំណាងឲ្យអាជីវករធំៗ នៅក្នុងដែនរដ្ឋបាលរបស់ខ្លួន នៅពេលណាដែលអ្នកវិនិយោគទុនក្នុងស្រុក និងក្រៅស្រុក មានធុរៈកិច្ចបណ្តាក់ទុនរកស៊ី គឺស្ថាប័នសភាពាណិជ្ជកម្ម នេះហើយ ដែលជាអ្នកសម្របសម្រួល ផ្តល់ភាពកក់ក្តៅ និងការជឿទុកចិត្តឲ្យគ្នាទៅវិញទៅមក ក្នុងដោះស្រាយរាល់បញ្ហាផ្សេងៗ ដើម្បីឲ្យការទំនាក់ទំនង និងការវិនិយោគលើគ្រប់វិស័យ មានដំណើរការបានល្អប្រសើរ ព្រមទាំងជាស្ពានទំនាក់ទំនង រវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលផងដែរ៕