(បាត់ដំបង)៖ ក្នុងរយៈពេលថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង បាននាំគ្នាចាប់ក្រពើចំនួន ២ក្បាល ដែលជាក្រពើធម្មជាតិមានឈ្មោះថា ក្រពើត្រី។ 

ជាមួយនឹងព័ត៌មានការប្រទះឃើញ និងចាប់បានក្រពើត្រីទាំង ២ក្បាលនេះ ក៏មានព័ត៌មានខ្លះបានបង្ហោះនៅលើបណ្តាញសង្គម Facebook ថា មានសត្វក្រពើរហូតដល់ ២០ក្បាល បានរួចពីទ្រុងចិញ្ចឹមមួយកន្លែង និងសូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផង។

ជាមួយព័ត៌មានខុសពីការពិតនេះ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានច្រានចោលទាំងស្រុង និងបានអះអាងថា ការប្រទះឃើញសត្វក្រពើ និងរហូតចាប់បាន ២ក្បាលខាងលើនេះ ដោយសារតែក្រុមមន្រ្តី បើកទ្វារទឹកនៅប្រព័ន្ធធារាសាស្រ្តក្រហត ទើបប្រទះឃើញសត្វក្រពើទាំង ២ក្បាលនេះ ដែលរស់នៅជាប់ច្រាំង។

ដោយឡែក អភិបាលស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់អង្គភាពព័ត៌មាន​ Fresh News ថា ក្រោយប្រទះឃើញសត្វក្រពើរួចមក បងប្អូនប្រជាពលរដ្ឋបានទៅចាប់ ហើយទំនងទុកធ្វើម្ហូបទៀតផង។ លោកថា ក្រពើមួយក្បាលមានទំនង់ប្រហែល ២០គីឡូក្រាម និងគេហៅថា ជាក្រពើត្រី។ យ៉ាងណាក៏ដោយ លោកអភិបាលស្រុក បានបញ្ជាក់ថា ចំពោះសត្វក្រពើទាំងនេះ មិនដែលបានរំខាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅទីនោះឡើយ​។

អ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានទាក់ទងទៅមន្រ្តីបរិស្ថានខេត្តបាត់ដំបង ឲ្យជួយពិនិត្យករណីនេះ៕

តាមបណ្តាញសង្គម Facebook មានការផ្សាយព័ត៌មានថា សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយឃើញក្រពើចំនួន ២០ក្បាល បានធ្លាយទ្រុងចេញពីអាងចិញ្ចឹមមួយកន្លែង តែត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាតាមប្រមាញ់មកវិញផងដែរចំនួន២ក្បាល។ ដូច្នេះ នៅសល់ ១៨ក្បាលទៀត ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់។ សូមប្រជាពលរដ្ឋរស់នៅតាម បណ្តោយស្ទឹង ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយកុំទាន់លេងទឹកស្ទឹងស្ងាត់ៗអី ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព។

តែយ៉ាងណានោះ មន្រ្តីបានបដិសេធចោលទាំងស្រុង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំលើបញ្ហានេះ៕