(ហ្វីជី)៖ យោងតាមសេចក្តីថ្លែងការណ៍រួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ានបូក៣ លើកទី២២ (22ndAFMGM+3), បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី បានគូសបញ្ជាក់ពីការប្រឆាំង ទៅនឹងការគាំពារនិយមគ្រប់ទម្រង់ និងបេជ្ញាចិត្តក្នុងការអនុវត្តនូវវិធាន នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធពហុភាគីនិយម និងការបើកចំហរក្នុងតំបន់។

កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២២ បានប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងណាឌី ប្រទេសហ្វីជី នៅក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំខាងលើនេះ។

បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ អំពីស្ថានភាព និងការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងតំបន់ ដោយបានវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ានបូក៣ ដែលត្រូវបានព្យាករណ៍ប្រមាណ៤.៦% និង៤.៤% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ រៀងគ្នា (ប្រភពពី ADB) ដែលគំាំទ្រដោយការកើនឡើងយ៉ាងឆាប់រហ័ស និងរឹងមាំនៃតម្រូវការក្នុងស្រុក និងវិនិយោគ។ ក៏ប៉ុន្តែអង្គប្រជុំក៏បានទទួលស្គាល់ អំពីភាពចាំបាច់ក្នុងការបន្តប្រើប្រាស់ នូវរាល់ឧបករណ៍គោលនយោបាយនានា នៅក្នុងតំបន់អាស៊ានបូក៣ សំដៅឆ្លើយតបទៅនឹងហានិភ័យ ចំពោះមុខមួយចំនួន ដូចជាភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន និងអាមេរិក, ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចអ៊ឺរ៉ុប ហួសពីការរំពឹងទុក និង Brexit, និងការវិវត្តន៍ថ្មីៗ នៃស្ថានភាពនយោបាយ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែង រួមមាន៖ គំលាតរវាងតម្រូវការ និងទំហំទុនក្នុងការ វិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជនមានវ័យចំណាស់កាន់តែច្រើន, ការបំរែបំរួលអាកាសធាតុ, និងបដិវត្តន៍ឧស្សាហកម្មទី៤។

ក្រៅពីនេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៣ ដែលស្ថិតនៅក្រោមយន្តការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ ដែលរួមមាន៖ (១).អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣ (AMRO), (២).ពហុភាវូបនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) និង (៣). គំនិតផ្តួចផ្តើមទីផ្សាសញ្ញាបណ្ណអាស៊ី (ABMI)។

ជាលទ្ធផល អង្គប្រជុំបានអនុម័តលើឯកសារមួយចំនួនរួមមាន៖ (១).ឯកសារទិសដៅយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក៣, (២). សេចក្តីព្រាងវិសោធនកម្មលើកិច្ចព្រមព្រៀង CMIM, (៣). ឯកសារណែនាំទូទៅស្តីពីការបង់ភាគទានជារូបិយវត្ថុក្នុងស្រុកក្រោមយន្តការ CMIM និង (៤). ឯកសារផែនទីចង្អុលផ្លូវរយៈពេលមធ្យម ២០១៩-២០២២ នៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី។

អង្គប្រជុំក៏បានស្វាគមន៍នូវកិច្ចខិតខំប្រឹងប្រែងរបស់ AMRO ក្នុងការបន្តពង្រឹងសមត្ថភាពរបស់ខ្លួន លើការងារអង្កេតតាមដាន និងវិភាគសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក ក៏ដូចជាការផ្តល់អនុសាសន៍គោលនយោបាយនានា សំដៅចូលរួមចំណែករក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់។ អង្គប្រជុំក៏បានស្វាមគមន៍លោក Toshinori Doi ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីរបស់ AMRO សម្រាប់អាណត្តិរយៈពេល៣ឆ្នាំផងដែរ។

អង្គប្រជុំបានកត់សម្គាល់វឌ្ឍនភាពនៃការបន្តពង្រឹង និងលើកកម្ពស់ដំណើរការ និងការត្រៀមរួចរាល់នៃយន្តការហិរញ្ញវត្ថុតំបន់ តាមរយៈការបញ្ចប់ការធ្វើតេស្តសាកល្បងយន្តការ CMIM លើកទី ៩ និងកំពុងរៀបចំតេស្តលើកទី ១០ ក៏ដូចជាការពិភាក្សាលើការរៀបចំឯកសារ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់យន្តការនេះ សំដៅធានាថាយន្តការ CMIM អាចឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុរបស់ប្រទេសជា សមាជិកនាពេលអនាគតប្រកបដោយប្រសិទិ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ជាងនេះទៅទៀត អង្គប្រជុំបានសំដែងនូវការកោតសរសើរ ចំពោះការីកចំរើនៃកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមទីផ្សាសញ្ញាបណ្ណអាស៊ី ដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណជារូបិយវត្ថុជាតិ នៅតាមប្រទេសជាសមាជិក និងមានតួនាទីក្នុងការចូលរួមចំណែកលើកកម្ពស់ ភាពធននៃប្រព័ន្ធហិរញ្ញវត្ថុតំបន់ តាមរយៈការជំរុញការប្រើប្រាស់ហិរញ្ញប្បទានជារូបិយវត្ថុជាតិ។

នៅក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលើកទី៥២ នៅប្រទេសហ្វីជីនេះផងដែរ តាមការអញ្ជើញរបស់ជប៉ុន, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមកិច្ចប្រជុំជាមួយបណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ដែលជាសមាជិកនៃក្របខ័ណ្ឌធានារ៉ាប់រងលើហានិភ័យ នៃគ្រោះមហន្តរាយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (SEADRIF) រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងសឹង្ហបុរី ព្រមទាំងតំណាងធនាគារពិភពលោក និងលេខាធិការដ្ឋានអាស៊ាន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក តារ៉ូ អាសូ ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន និងបច្ចុប្បន្នជាឧបនាយរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើបច្ចុប្បន្នភាពនៃដំណើរការនៃបន្តរៀបចំបង្កើតយន្តការ និងអនុវត្ត SEADRIF ដែលក្នុងនោះអង្គប្រជុំបានកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗចុងក្រោយ មួយចំនួន រួមមាន៖ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រង SEADRIF និងការសម្រេចចិត្តរបស់ហ្វីលីពីន ក្នុងការចូលជាសមាជិកថ្មីរបស់ SEADRIF។

អង្គប្រជុំបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពថ្មីៗ នៃយន្តការ SEADRIF និងបានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃយន្តការ SEADRIF នេះ ក្នុងការជួយប្រទេសជាសមាជិកនៅពេលជួបគ្រោះមហន្តរាយធម្មជាតិ។
អង្គប្រជុំបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងសហប្រតិបត្តិការក្នុងការអភិវឌ្ឍ SEADRIF ឱ្យក្លាយជាយន្តការតំបន់មួយដែលអាចឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធិភាព ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣ចំពោះ ផលប៉ះពាល់ និងហានិភ័យនៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។ អង្គប្រជុំបានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានផ្តល់ជំនួយបច្ចេកទេស និងលេខាធិការដ្ឋានអាស៊ាន ដែលបានផ្តល់សេវាគាំទ្រ នៅក្នុងដំណើរការនៃការរៀបចំយន្តការ SEADRIF៕