(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

សេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចក្រឡាហោម ស ខេង បានជួបជាមួយលោក ជីង យុង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាព កូរ៉េខាងត្បូង ហើយភាគីទាំងពីរបានឯកភាពកំណត់ទិសដៅ នៃសហប្រតិបត្តិការលើកិច្ចការ សំខាន់ៗមួយចំនួន រួមមាន៖

*ទី១៖ បន្តយកចិត្តទុកដាក់អនុវត្តនូវអនុស្សរណៈដែលស្ថាប័នទាំងពីរ បានចុះហត្ថលេខា ជាមួយគ្នាកាលពីពេលកន្លងមក ទាំងលើការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការងារនគរបាលជាតិ ឲ្យទទួលបានជោគជ័យ។

*ទី២៖ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋាន។

*ទី៣៖ បន្តផ្តល់ការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ជាពិសេស លើមុខជំនាញបច្ចេកទេសនគរបាល និងបច្ចេកវិទ្យា ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន។

*ទី៤៖ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធអត្ដសញ្ញាណកម្ម និងប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រជាជន សំដៅកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិរួម ប្រកបដោយប្រសិទ្ធភាព៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានផ្លូវការ នៅខាងក្រោមនេះ៖