(តូក្យូ)៖ មហោស្រពកម្ពុជា ឆ្នាំ២០១៩ (Cambodia Festival 2019) នៅទីក្រុងតូក្យូ ជប៉ុន បាននិងកំពុងចាប់ផ្តើមពីថ្ងៃទី០៣-០៤ ខែឧសភា ឆ្នាំ២០១៩ នៅសួន Yoyogi នៅទីក្រុងតូក្យូ ក្រោមកិច្ចសហការរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ក្រសួងវប្បធម៌ វិចិត្រសិល្បះ ក្រសួងពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ហើយដែលពិធីបើកមានការចូលរួមពីសំណាក់ លោក Kenji YAMADA អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក លោកស្រីតំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ។

ថ្លែងក្នុងមហោស្រព លោក Masahiro Immamura បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមអបអរសាទរការរៀបចំពិព័រណ៍កម្ពុជាក្រោមអាកាសធាតុល្អ។ កម្មវិធីនេះបានរៀបចំឡើងនៅដើមរជ្ជកាលរ៉េវ៉ាក់ ដែលគួរឱ្យចងចាំ។ ខ្ញុំសូមអរគុណចំពោះក្រុមការងាររៀបចំពិព័រណ៍នេះ។ ឆ្នាំមុនជាខួបលើកទី៦៥នៃបង្កើតទំនាក់ទំនងការទូតជប៉ុន កម្ពុជា ដែលមានកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាជាច្រើន។ ហើយការិយាល័យកុងស៊ុលជប៉ុនប្រចាំទីក្រុងសៀមរាប ដែលជាក្រុងប្រវត្តិសាស្ត្រមានអង្គរវត្ត ត្រូវបានដាក់ឱ្យសម្ពោធដំណើរការជាផ្លូវការនៅឆ្នាំមុន។ ហើយយន្តហោះត្រង់រវាងតូក្យូ ភ្នំពេញ ក៏ដំណើរការល្អដែរ។ ហើយឯកឧត្តម អ៉ឹង រចនា ក៏បានធ្វើសកម្មភាពជាច្រើន ហើយខែឧសភាខាងមុខនេះ ក៏មានដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសជប៉ុន ជាថ្មីផងដែរ។ ក្នុងនាមជាតំណាងប្រធានសម្ព័ន្ធខ្ញុំមានក្តីរំភើបដែលនឹងបានទទួលស្វាគមន៍សម្តេចតេជោជាថ្មី»

លោកបានបន្ថែមថា «ប្រទេសកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ក្រៀមក្រំ ហើយទទួលការអភិវឌ្ឍរឹងមាំនាពេលបច្ចុប្បន្ន ហើយប្រទេសជប៉ុនបាននិងកំពុងជំរុញនូវការបង្កើតឱកាសមួយសម្រាប់ជនជាតិបរទេសដើម្បីរៀន សូត្រឬក៏ធ្វើការ ហើយយើងមានសេចក្តីរីករាយណាស់ប្រសិនបើជនជាតិខ្មែរ មករៀន ឬមកធ្វើការ បានទទួលចំណេះដឹង ក៏ដូចជាបទពិសោធន៍ពីប្រទេសជប៉ុន ត្រឡប់ទៅស្រុកខ្មែរវិញ ហើយប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់កម្ពុជា។
ទាំងអស់គ្នា សូមបន្តចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជប៉ុន កម្ពុជា ហើយបានខ្លាំងក្លាថែមទៀតចាប់ពីពេលនេះតទៅ»

គួរកត់សម្គាល់ផងដែរថា ឆ្នាំ២០១៩ នេះជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ហើយបច្ចុប្បន្នជប៉ុនមិនមែនមានត្រឹមតែស្ថានទូត នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែក៏មានស្ថានកុងសុលនៅខេត្តសៀមរាបអង្គរផងដែរ។

កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥% ហើយ២ខែដើមឆ្នាំ២០១៩ នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១,២ លាននាក់ ក្នុងនោះទេសចរជប៉ុន ជិត៤ ម៉ឺននាក់ ក្នុងកំណើន ៣.១%។ ទេសចរជប៉ុនតែងស្ថិតក្នុងចំណោមប្រភពទីផ្សារទេសចរណ៍ធំៗទាំង១០របស់កម្ពុជា។ ឆ្នាំ២០១៩ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណជាង ២៣ ម៉ឺននាក់៕