(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន អគ្គនាយកនៃការិយាល័យឥណទាន (CBC) ឲ្យដឹងថា ខ្លួននឹងដាក់ដំណើរការប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល (ក្រុមហ៊ុន) នៅដើមខែក្រោយនេះ។ ការដាក់ឲ្យដំណើរការប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គលនៅកម្ពុជានេះ ដើម្បីជួយដល់ស្ថាប័នហិរញ្ញវត្ថុ ងាយក្នុងការសម្រេចចិត្តផ្ដល់ឥណទាន ឲ្យក្រុមហ៊ុនណាមួយ ប្រកបដោយសុក្រិតភាព។

ថ្លែងក្នុងកម្មវិធីស្ដីពី «វឌ្ឍនភាពចុងក្រោយបង្អស់ក្នុងព័ត៌មានឥណទាន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា» នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោក អឿ សុធារ័ត្ន បញ្ជាក់ថា ២ឆ្នាំចុងក្រោយនេះ CBC បានអនុវត្តន៍ប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជាផងដែរនោះ ខ្លួនគ្រោងដាក់ដំណើរប្រព័ន្ធនេះជាផ្លូវការនៅដើមខែក្រោយ។

លោកបន្ដថា បច្ចុប្បន្ននេះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្ដល់ឥណទានដល់ក្រុមហ៊ុន អាចដឹងពីសាវតារបស់ក្រុមហ៊ុនទាំងនោះថា តើក្រុមហ៊ុននោះធ្លាប់បានខ្ចីលុយពីធនាគារណាខ្លះ? ការសងត្រឡប់របៀបណា? ព័ត៌មានទាំងអស់នេះនឹងមាន ក្នុងប្រព័ន្ធឥណទាននីតិបុគ្គល ដែលជួយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការសម្រេចចិត្តផ្ដល់ឥណទាន ដល់ក្រុមហ៊ុនប្រកបដោយសុក្រិតភាព។

លោកបញ្ជាក់ថា គ្រប់ធនាគារដែលមានឥណទានក្រុមហ៊ុន ជាអ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល ដោយមានប្រមាណជាង៥០ធនាគារ ដែលចាំបាច់ត្រូវតែប្រើប្រាស់ប្រព័ន្ធនេះ។

លោកបន្ថែមថា ព័ត៌មានដែល CBC នឹងផ្ដល់ជូនដល់ធនាគារទាំងនោះរួមមាន៖ ប្រាប់អំពីប្រវត្តិក្រុមហ៊ុន, ឈ្មោះក្រុមហ៊ុន, លេខចុះបញ្ជី, អាស័យដ្ឋានក្រុមហ៊ុន ហើយអ្វីដែលសំខាន់ទៀតនោះ CBC នឹងប្រាប់ទាក់ទងនឹងប្រវត្តិរបស់ក្រុមហ៊ុនផ្សេងៗថា តើក្រុមហ៊ុនទាំងនោះបានខ្ចីឥណទាននៅកន្លែងណាខ្លះ?

លោកថា លើសពីនេះ CBC នឹងប្រាប់ពីប្រវត្តិឥណទានក្រុមហ៊ុនជាក់ស្ដែងតែម្ដង។ លោកឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុននោះ ធ្លាប់មានប្រវត្តិទទួលឥណទានជាមួយនឹងស្ថាប័នធនាគារចំនួន៥នោះ ប្រព័ន្ធព័ត៌មាននឹងបង្ហាញប្រាប់ពីប្រវត្តិទាំងទងនឹង៥ស្ថាប័ននេះតែម្ដងថា តើក្រុមហ៊ុនទាំងនោះខ្ចីគេប៉ុន្មាន? ហើយការសងត្រឡប់ទៅវិញរបស់ក្រុមហ៊ុននោះបែបណាដែរ? លោកបញ្ជាក់ថា «ចំណុចខាងលើនេះជាចំណុច ដែលធនាគារទាំងអស់ចង់បាន ដើម្បីសម្រេចឥណទានរបស់ខ្លួន»។

លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា (ABC) បង្ហាញការគាំទ្រចំពោះការដាក់ឲ្យមានប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គលនេះ។ លោកថា ការរៀបចំនេះពិតជាផ្ដល់ភាពងាយស្រួលដល់ដៃគូទាំងសមខាង។ ដោយសម្រួលទៅដល់អ្នកឲ្យខ្ចី មុននឹងឲ្យខ្ចីបានពិនិត្រមើលព័ត៌មានគ្រប់ជ្រុងជ្រោយ។ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែងាយស្រួល និងចំណាយពេលតិច ក្នុងការស្វែងរកព័ត៌មានអំពីក្រុមហ៊ុននីមួយៗ។

លោកស្រី ជា សិរី ប្រធានការិយាល័យឥណទាន (CBC) បានឲ្យដឹងថា «ការិយាល័យឥណទានកម្ពុជាទើបតែបានប្រកាស ការដាក់ឲ្យដំណើរការនូវប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ ពេលព័ត៌មានឥណទាននីតិបុគ្គល ដំណើរការពេញលេញនឹងជួយគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ទទួលបាននូវព័ត៌មានឥណទានរបស់នីតិបុគ្គលទាំងឡាយ ដែលដាក់ពាក្យសុំប្រាក់កម្ចីពាណិជ្ជកម្មនៅក្នុងទីផ្សារនេះ»។

លោកស្រីបន្ដថា ព័ត៌មាននីតិបុគ្គលមានសារៈសំខាន់ សម្រាប់ឲ្យធនាគារកណ្តាល តាមដានមើលទីផ្សារទាំងមូល ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោក Kyle Kelhofer នាយកគ្រប់គ្រងរបស់សាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិប្រចាំកម្ពុជា ឡាវ និងវៀតណាម (IFC) ឲ្យដឹងថា «ប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល មានតម្លៃសម្រាប់ការពង្រីកហិរញ្ញវត្ថុធុរកិច្ចនៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងបែបបរិយាប័ន្ន ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម»។

លោកបន្ថែមថា IFC នឹងសហការជាមួយដៃគូកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ របស់ប្រទេសបន្ថែមទៀត។ ប្រព័ន្ធហិរញ្ញវត្ថុចលនទ្រព្យប្រកបដោយ ប្រសិទ្ធភាពប្រព័ន្ធព័ត៌មានឥណទានដ៏ពេញលេញ និងរបបក្ស័យធនប្រកបដោយប្រសិទ្ធភាពមានភាពចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍផ្នែកឯកជន និងលើកស្ទួយភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា៕