(ស្វាយរៀង)៖ អគារប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេល នៃអធិការដ្ឋាននគរបាលស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធីបតីភាពលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រុងពពេល ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល មានទំហំ ៧,៧x១៣ ម៉ែត្រ តម្លៃ១៥,០០០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តាមរយៈលោក ហែម ពិសិដ្ឋ អភិបាលរងអភិបាលខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានបញ្ជាក់ថា ការគិតគូរពីសុខទុក្ខ និងកន្លែងធ្វើការសមរម្យរបស់កងកម្លាំង បានផ្តល់កម្លាំងចិត្តក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ កាន់តែមានប្រសិទ្ធភាពជូនពលរដ្ឋនៅមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងអំណរគុណដល់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងថ្នាក់ដឹកនាំខេត្តតែងតែគិតគូរពីសុខទុក្ខ របស់កម្លាំងទាំងនគរបាល និងកម្លាំងផ្សេងៗទៀត និងបានជួយកសាងប៉ុស្តិ៍រដ្ឋបាល អគារអធិការដ្ឋាននានា នៅខេត្តស្វាយរៀងផងដែរ។

ក្នុងនោះ លោកស្នងការបានកោតសើរដល់ការខិតខំប្រឹងប្រែង ដល់កម្លាំងនគរបាលដែលបានអនុវត្តការងារបានល្អប្រសើរ នាពេលកន្លងមក ហើយកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបទទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងត្រូវបន្តការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព៕