(ស្វាយរៀង)៖ បុគ្គលិកចែកបៀរចំនួន ៧៨នាក់ ក្នុងនោះស្រី ៤៥នាក់ នៅក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត បានទាមទារលក្ខខណ្ឌការងារចំនួន ៣ ចំណុចដើម្បីឲ្យថៅកែកាស៊ីណូ ជួយដោះស្រាយ។

លក្ខខណ្ឌដែលបុគ្គលិកផ្នែកចែកបៀរទាមទារនោះរួមមាន៖
*ទី១៖ ថ្ងៃបុណ្យជាតិសុំសម្រាក់
*២៖ សុំតម្លើងប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ
*៣៖ សុំបន្ថយម៉ោងធ្វើការពី ១០ម៉ោង មកត្រឹម ៨ម៉ោង

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុនបានដោះស្រាយបានចំណុចទី២ រីចំណុចទី១ និងទី៣ ដោះស្រាយនៅពេលក្រោយ ហើយបុគ្គលិកបាននាំគ្នាចូលធ្វើការធម្មតាវិញហើយនោះទេ។

ចំពោះករណីការទាមទាររបស់បុគ្គលិកកាស៊ីណូក្រោនខាងលើនេះ អង្គភាព Fresh News មិនអាចរកបំភ្លឺពីម្ចាស់កាស៊ីណូក្រោនបានទេ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ដោយគ្មានប្រភពទាក់ទងបាន៕