(កំពង់ធំ)៖ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ បានអះអាងថា មន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល រួមនឹងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងស្រុកសណ្តាន ខេត្តកំពង់ធំ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការបង្ក្រាប និងទប់ស្កាត់សកម្មភាពរុករករ៉ែខុសច្បាប់ និងអនាធិបតេយ្យមួយចំនួននៅក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ការចេញមកបញ្ជាក់ពីចំណាត់ការរបស់លោក យស មុនីរ៉ាត់ បានធ្វើឡើងក្រោយពេលប្រជាពលរដ្ឋរស់នៅក្នុង ឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានលើកឡើងថា សកម្មភាពរុករករ៉ែជាច្រើនកំពុងធ្វើសកម្មភាពអនាធិបតេយ្យនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងស្នើឱ្យក្រសួងរ៉ែ និងថាមពល និងសម្ថកិច្ចពាក់ព័ន្ឋចុះពិនិត្យ និងបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ និងអនាធិបតេយ្យទាំងនោះ។

ប្រជាពលរដ្ឋដែលព្រួយបារម្ភពីការបាត់បង់ធនធានរ៉ែមាស និងបារម្ភពីផលប៉ះពាល់លើបរិស្ថានកើតចេញពីសកម្មភាពទាំងអស់នោះ បានផ្ញើរូបភាព និងវីឌីអូជាច្រើន បង្ហាញពីក្រុមឈ្មួញទន្ទ្រានយជីកយករ៉ែមាសក្នុងមូលដ្ឋានខេត្តកំពង់ធំ ដោយមានប្រើប្រាស់គ្រឿងផ្ទុះ និងសាធាតុប៉ូតាត្យូមសាយយាណាយ (Potassium Cyanide) ដែលជាសាធាតុគីមីបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។

ប្រជាពលរដ្ឋបានរៀបរាប់ថា ការប្រើប្រាស់គ្រឿងផ្ទុះ និងសាធាតុគីមី ប៉ូតាត្យូមសាយយ៉ាណាយ សម្រាប់បម្រើឱ្យការជីក និងកែច្នៃរ៉ែមាសក្នុងមូលដ្ឋានខេត្តកំពង់ធំ ត្រូវបានពលរដ្ឋរាយការណ៍ឱ្យដឹងថា បាននឹងកំពុងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសធនធានទឹក ព្រៃឈើ និងអាចឈានទៅសម្លាប់អាយុជីវិតមនុស្សថែមទៀតផងប្រសិនបើសារធាតុគីមីនេះហូរចូលទៅក្នុងទឹក ហើយប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះ។

ប្រជាពលរដ្ឋបានអះអាងដែរថា ការធ្វើអាជីវកម្មរ៉ុករករ៉ែមាសខុសច្បាស់យ៉ាអនាធិបតេយ្យក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បាននឹងកំពុងបំផ្លាញរ៉ែមាសជាច្រើនពីកម្ពុជា។ បន្ថែមលើសពីនេះអាជីវកម្មនេះ ក៏បានបន្សល់ទុកផលប៉ះពាល់ ដែលបានបំផ្លិចបំផ្លាញធនធានធម្មជាតិរួមមានព្រៃឈើដែលបានកាប់ទន្ទ្រាន,បំពុលទឹក និងធនធានមច្ឆជាតិតាមរយៈការប្រើប្រាស់សាធាតុគីមីជាដើម។

ប្រជាពលរដ្ឋ បានស្នើឱ្យក្រសួងរ៉ែ និងថាមពល និងសម្ថកិច្ចពាក់ព័ន្ធចុះពិនិត្យ និងឈានទៅបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពមុននឹងការបំផ្លិចបំផ្លាញមានរូបភាពកាន់តែធំ និងធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន។

ពាក់ព័ន្ធបញ្ហានេះ លោក យស មុនីរ៉ាត់ បញ្ជាក់ថា សកម្មភាពទាំងអស់នោះជាសកម្មភាពចាស់ ហើយមន្ត្រីក្រសួងជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតាំងពីចុងខែមីនា អស់ហើយ រហូតមកដល់ពេលបច្ចុប្បន្នមិនមានសកម្មភាពទៀតនោះឡើយ។

លោក យស មុនីរ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះ «គណៈកម្មការបង្ក្រាបបទល្មើសធនធានរ៉ែ បានចុះបង្ក្រាបតាំងពីចុងខែ៣ (មីនា)។ សកម្មភាពហ្នឹងយើងចុះបង្ក្រាបតាំងពីចុងខែ៣អស់ហើយ។ យើងកំពុងតែតាមដានបន្តពីសកម្មភាពតំបន់នោះ មានទាំងខាងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ក៏ដូចជាអាជ្ញាធរស្រុក ឃុំនៅទីនោះ បើមានសកម្មភាពអ្វីប្លែកៗទៀត យើងនឹងធ្វើការរៀបចំក្រុមការងារចុះទៅត្រួតពិនិត្យសាថ្មីទៀត។ តែរហូតមកដល់ពេលនេះមិនមានសកម្មភាពអ្វីថ្មីនោះទេ»

គួររំលឹកថា កាលពីពេលថ្មីៗនេះកម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែ នៅ៣គោលដៅ ស្ថិតនៅក្នុងឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១០នាក់ និងរឹបអូសវត្ថុតាំងមួយចំនួនរួមមាន ម៉ាស៊ីនភ្លើង, ស៊ីទែនប្រេង ,ឌីណាម៉ូ, ក្បាលកិនថ្មរ៉ែ, ម៉ាស៊ីនក្រឡុកស៊ីម៉ង់, អង្គប់កិនថ្មរ៉ែ, កញ្ច្រែងរែងថ្មរ៉ែ, តៅច្រកថ្មរ៉ែ, ម៉ាស៊ីនស្វានបាញ់ខ្យល់, ម៉ាស៊ីនយោងថ្មរ៉ែនិងសំភារៈបំរើអោយការជីកយករ៉ែមួយចំនួនទៀត។

ទោះបីជាមានការបង្ក្រាប និងឃាត់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ឋនឹងការធ្វើអាជីវកម្មរ៉ែមាសនេះយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខេត្តកំពង់ធំនៅតែបន្តអះអាងថា ក្រុមឈ្មួញនៅតែបន្តលួចធ្វើធ្វើអាជីវកម្មជីកយករ៉ែមាសនៅទីនោះដដែល៕

(លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ)