(ព្រះសីហនុ)៖ កំណើនសំណង់លំនៅឋាន អាហារដ្ឋាន សណ្ឋាគារ រួមទាំងកំណើនប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅក្នុងខេត្តព្រះសីហនុ កំពុងធ្វើឱ្យកំណើនទឹកកខ្វក់ចេញពីតាមលំនៅឋាន អាហារដ្ឋាន និងសណ្ឋាគារ ទាមទារឱ្យមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបញ្ចៀសទឹកកខ្វក់កុំឱ្យហូរចូលក្នុងសមុទ្រ និងទៅទីកន្លែងនានាពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងបរិស្ថាននៅក្នុងខេត្តព្រះសីហនុ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត បានធ្វើដំណើររួមគ្នាចុះពិនិត្យ និងសិក្សានៅទីតាំងស្ថានីយចម្រោះទឹកកខ្វក់ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចុះទៅកាន់ទីតាំងស្ថានីយចម្រោះទឹកស្អាតនេះ គឺពិនិត្យ និងសិក្សារិះរកវិធីបង្កើនសមត្ថភាពស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុឱ្យមានសមត្ថភាពកាន់តែខ្ពស់ និងទទួលទឹកបានកាន់តែច្រើនថែមទៀត។

បើតាមលោក ស៊ុន ចាន់ថុល ស្ថានីយចម្រោះទឹកកខ្វក់នាពេលបច្ចុប្បន្ននេះ មានសមត្ថភាពចម្រោះទឹកបានប្រមាណតែ៥ពាន់ម៉ែត្រគូបតែប៉ុណ្ណោះ ខណៈដឹកកខ្វក់បង្ហូរពីតាមលំនៅឋាន អាហារដ្ឋាន និងសណ្ឋាគារជាដើមកំពុងមានកម្រិតខ្ពស់រហូតដល់ទៅ ២៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ស៊ុន ចាន់ថុល បានអះអាងថា ដើម្បីចម្រោះទឹកកខ្វក់ដែលកំពុងមានកំណើតយ៉ាងគំហុកនាពេលបច្ចុប្បន្ន គឺក្រសួងបានសិក្សាសាងសង់អាងចម្រោះទឹកកខ្វក់បន្ថែមទៀត ដែលគោលបំណងធ្វើឱ្យស្ថានីយចម្រោះទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់ឱ្យបាន៦ម៉ឺនគូបក្នុងមួយថ្ងៃ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទាំងការកសាងអាងចម្រោះទឹកថ្មី ក៏ដូចជាការដាក់ប្រព័ន្ធលូសរុបប្រវែងប្រមាណ ១៥៧គីឡូម៉ែត្រផងនោះ គឺត្រូវការថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។

បញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រក្នុងក្រុងព្រះសីហនុជាក្តីកង្វល់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីចុងឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់គណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន រួមនឹងអាជ្ញាធរពាក់ព័ន្ធរួមគ្នាលុបបំបាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ។

ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹកនាំសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤នៅតាមឆ្នេរនានាក្នុងក្រុងព្រះសីហនុ ដើម្បីស្ទាក់ និងបូមទឹកកខ្វក់បង្ហូរចេញពីតាមលំនៅដ្ឋាន អាហារដ្ឋាន និងសណ្ឋាគារនានា ចូលទៅស្ថានីយចម្រោះទឹកកខ្វក់ធំ។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៤ បានសាងសង់រួចរាល់ ហើយក៏បានជួយទប់ស្កាត់មិនឱ្យមានទឹកកខ្វក់បង្ហូរចូលសមុទ្រទៀតនោះដែរ៕