(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សាលើ គម្រោងដោះទឹកជំនន់ស្ទឹងព្រែកត្នោត។ នេះជាកិច្ចប្រជុំបន្ត បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេសកាលពីក្នុងខែមីនា ឆ្នាំ២០១៩ កន្លងមក។

សូមជម្រាបថា ទឹកស្ទឹងព្រែកត្នោត នារដូវវស្សា តែងតែបង្កជាជំនន់ដែលជានិច្ចកាលគំរាមកំហែងដល់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងជាពិសេសរាជធានីភ្នំពេញ។

ដោយពិនិត្យលើស្ថានភាពនៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ននៅស្ទឹងព្រែកត្នោត និងបន្ទាប់ពីបានពិភាក្សា លើជម្រើសនៃការដោះទឹកជំនន់ស្ទឹងព្រែកត្នោតរួចមក អង្គប្រជុំបានពិនិត្យឃើញថា ការបង្វែរទឹកពីប៉ែកខាងលើ ភ្ជាប់ទៅស្ទឹងស្លាគូ និងចូលទៅទន្លេបាទីភ្ជាប់ ទៅប្រឡាយហនុមាន ជាគម្រោងដែលមានលក្ខណៈសមស្របប្រសើរ។ ក្នុងជម្រើសនេះ ពេលទឹកជំនន់ធំ ធារទឹកអតិបរមា គឺអាចដោះទឹកបាន ពី៩០០ ទៅ១២០០ម៉ែត្រគូបក្នុង១វិនាទី ។

នេះជាវិធានការចំពោះមុខ និងជាគម្រោងអាទិភាពដែលត្រូវអនុវត្ត និងមានការគាំទ្រជាបន្ទាន់ ដើម្បីកាត់បន្ថយ និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរមកលើរាជធានី-ខេត្តខាងលើ ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត៕