(ប៉េកាំង-ចិន)៖ ថ្លែងចេញពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងឱកាសទទួលគោរមងារ «សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេ នៅទីក្រុងប៉េកាំង ប្រទេសចិននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោរមងារដែលសម្តេចទទួលបាននៅថ្ងៃនេះ មិនមែនជាកិត្តិយសសម្រាប់តែខ្លួនសម្តេចតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចែករំលែកនូវមោទនភាព ដែលសម្តេចទទួលគោរមងារនេះ ទៅដល់ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនៗ ចៅៗជាទីស្រឡាញ់របស់សម្តេចផងដែរ ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ជានិច្ចជាមួយសម្តេចគ្រប់កាលៈទេសៈ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ដែលខ្ញុំទទួលបាននៅពេលនេះ មិនមែនគ្រាន់តែជាមោទនភាពសម្រាប់រូបខ្ញុំផ្ទាល់នោះទេ តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល ដែលបានរួមសុខរួមទុក្ខជាមួយខ្ញុំ តាំងពីគ្រាលំបាករហូតមកដល់ពេលនេះ។ ខ្ញុំក៏សូមចែករំលែកនូវមោទនភាពនេះ ដល់ភរិយា កូនៗចៅៗជាទីស្រឡាញ់របស់ខ្ញុំ ដែលតែងតែផ្តល់កម្លាំងចិត្ត និងស្ថិតនៅជាប់ខ្ញុំគ្រប់កាលៈទេសៈ»

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ជាពិសេសដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់បុព្វសិទ្ធិឲ្យសម្តេច មានឱកាសបានបម្រើជាតិ មាតុភូមិ ថែរក្សាសុខសន្តិភាពឲ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍន៍ឲ្យបានរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងធ្វើកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិកាន់តែខ្ពង់ខ្ពស់ថែមទៀត។

សូមជម្រាបថា នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន គឺជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេរបស់កម្ពុជា ដែលទទួលបាននូវគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំ និងចំណាស់ជាងគេ នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។

ពិធីប្រគល់និង ទទួលដែលធ្វើឡើង ដោយមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើនរូប៕