(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តចុះណែនាំដល់អ្នកបើកបរ ឲ្យគោរពច្បាប់ និងមិនត្រូវចតរថយន្តគ្មានសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលនាំឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរនោះទេ។

ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក អ៊ី សុខា បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះថា ដើម្បីបញ្ចៀសចរាចរណ៍កកស្ទះ លោកបានដាក់ពង្រាយកម្លាំងនគរបាលជំនាញ ឲ្យចុះតាមគោលដៅមួយចំនួន ដែលតែងជួបចរាចរណ៍ការកកស្ទះ។

លោកបានបន្តទៀតថា រាល់ថ្ងៃនេះកម្លាំងនគរបាលចរាចរណ៍ ស្ទើរពុំមានពេលឈប់សំរាក ដើម្បីជួបជុំក្រុមគ្រួសារទេ ដោយបានជាប់មមាញឹក លើការងារចល័តកម្លាំងល្បាតផង និងដាក់កម្លាំងជួយសម្រួលចរាចរណ៍ ត្រង់កន្លែងតែងជួបចរាចរណ៍កកស្ទះនៅក្នុងក្រុងព្រះសីហនុទាំងមូល។

លោកឧត្តមសេនីយ៍ អ៊ី សុខា បានបន្ថែមថា ស្របពេលការធ្វើចរាចរណ៍ នៅក្រុងព្រះសីហនុ ណែនចង្អៀត និងកកស្ទះស្ទើរគ្រប់ផ្លូវជារៀងរាល់ថ្ងៃនោះ គឺកម្លាំងនគរបាលចរាចរណ៍ទាំងអស់ ស្ទើរពុំមានពេលសម្រាកទេ ដោយជាប់មមាញឹក នឹងការជួយសម្រួលចរាចរណ៍ដើម្បីបញ្ចៀសការកកស្ទះ។

ជាងនេះទៀត នគរបាលជំនាញរូបនេះ ក៏បានបន្តចុះអប់រំការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាប្រចាំ ជូនដល់អ្នកបើកបរនៅតាមផ្លូវសាធារណៈ ប្រយោជន៍ដើម្បីឈានទៅទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះ និងកាត់បន្ថយការកកស្ទះតាមផ្លូវថ្នល់ជាដើម។ លោកបានស្នើដល់ អ្នកបើកបរ យានយន្តគ្រប់ប្រភេទ សូមកុំឈប់ចតរថយន្តរបស់ខ្លួន នៅលើចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ ដើម្បីបញ្ចៀសការកកស្ទះ។

បន្ថែមលើនេះ លោកស្នងការរង អ៊ី សុខា ក៏បានរំលឹកដល់អ្នកបើកបរ ត្រូវចូលរួមគោរពភ្លើងសញ្ញាបញ្ជាចរាចរ ឬភ្លើងស្តុប និងស្តាប់តាមការបញ្ជាចរាចរណ៍ របស់កម្លាំងសមត្ថកិច្ចចុះ ដែលសម្រួលចរាចរណ៍ នៅតាមផ្លូវពេលកកស្ទះឲ្យបានទាំងអស់គ្នា ដោយមិនត្រូវព្យាយាមបើកបររុលទៅមុខ និងមិនមើលស្ថានភាពជាក់ស្តែង នៃការធ្វើចរាចរណ៍របស់យានយន្ត ដែលជាដើមហេតុចម្បងបង្កឲ្យមានកកស្ទះចរាចរណ៍ដូចពេលកន្លងមកទៀតទេ៕