(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM បានបើកយុទ្ធនាការ អនុវត្តផែនការប្រមូល និងដឹកជញ្ជូនទាំងកាកសំណល់ការដ្ឋានសំណង់ និងសំរាមព្រមគ្នាៗទូទាំងក្រុងព្រះសីហនុ។ សកម្មភាពខាងលើនេះ គឺជាការឆ្លើយតប ចំពោះលទ្ធផលនៃកិច្ចប្រជុំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសាលាក្រុងព្រះសីហនុ។

រដ្ឋបាលក្រុងព្រះសីហនុ កាលពីថ្ងៃម្សិលមិញនេះ បានបើកកិច្ចប្រជុំដោយមានសមាសភាពចូលរួមពី លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន, តំណាងមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងសុរិយោដី, តំណាងមន្ទីរសាធារណការ, ចៅសង្កាត់ និងក្រុមហ៊ុនសំរាម ព្រមទាំងក្រុមហ៊ុនម៉ៅការ ដឹកកាកសំណល់ការដ្ឋាន ដែលមាន២របៀបវារៈ ដូចខាងក្រោម៖

*ទី១៖ពិភាក្សា និងដាក់ផែនការ ដើម្បីប្រមូល និងដឹកជញ្ជូនកាកសំណល់ការដ្ឋានសំណងទូទាំងក្រុងព្រះសីហនុ។
*ទី២៖ ពិភាក្សា និងដាក់ផែនការ ដើម្បីពន្លឿនការប្រមូល និងដឹកជញ្ជូនសំរាម។

ចំពោះលទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ បង្ហាញថា ចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចាប់ផ្តើមអនុវត្តផែនការប្រមូល និងដឹកជញ្ជូន ទាំងកាកសំណល់ការដ្ឋានសំណង់ និងសំរាម ព្រមគ្នាៗ ទូទាំងក្រុងព្រះសីហនុ។ ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងប្រតិបត្តិកររស់នៅក្រុងព្រះសីហនុ កំពុងរង់ចាំមើលចំណាត់ការ របស់ ក្រុមហ៊ុនម៉ៅការ ដឹកកាកសំណល់ការដ្ឋានសំណង់ ក្រោមការត្រួតពិនិត្យ របស់រដ្ឋបាលក្រុងព្រះសីហនុ នឹងមានប្រសិទ្ធភាពត្រឹមកម្រិតណា។

ទាក់ទងបញ្ហានេះដែរ តំណាងក្រុមហ៊ុន KSWM ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគប្រមូលសំរាម បានបង្ហាញផលវិបាកថា រាល់ថ្ងៃនេះ កាកសំណល់សំរាម នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បានកើនជាង៥០០ភាគរយ និងបរិមាណសំរាមប្រចាំថ្ងៃមានចន្លោះពី៦ទៅ ៨រយតោន ក្នុងមួយថ្ងៃៗ។

លោកបន្ដថា ភាពយឺតយ៉ាវពីការប្រមូលសំរាម របស់ក្រុមហ៊ុនកន្លងមក បណ្តាលមកពីការវេចខ្ចប់ និងទុកដាក់សំរាម របស់ប្រជាពលរដ្ឋ មិនទាន់មាន របៀបរៀបរយត្រឹមត្រូវ ក្នុងនោះ ចំពោះម៉ោងពេល សម្រាប់បញ្ចេញសំរាម ក៏ប្រជាពលរដ្ឋ អនុវត្តមិនទាន់សហការជាមួយក្រុមហ៊ុនទេ ដោយពួកគាត់ បានបន្តបញ្ចេញសំរាម តាមការនឹកឃើញ ហើយមិនគោរពពេលវេលាជាដើម។ ជាងនេះ ចំពោះចំងាយផ្លូវដឹកជញ្ជូនសំរាមយកទៅចោលនៅទីលានចាក់សំរាម ក៏មានចម្ងាយឆ្ងាយ ហើយមានចរាចរណ៍ធ្វើដំណើរកកស្ទះជាដើម។

ផ្តើមពីបញ្ហានេះ តំណាងក្រុមហ៊ុន KSWM បានសំណូមពរដល់អាជ្ញាធរ ស្នើឲ្យបន្តចុះអប់រំ ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ឲ្យចូលរួមវេចខ្ចប់ ឬទុកដាក់កាកសំណល់ រឹងរាវគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ និងនាំយកទៅគរទុកនៅមុខផ្ទះ នៅពេលយប់ ដើម្បីងាយស្រួលដល់បុគ្គលិកក្រុមហ៊ុន KSWM ងាយស្រួលចុះទៅប្រមូលសំរាម ឲ្យបានលឿន ប្រយោជន៍ជួយជំរុញឲ្យបរិស្ថានអនាម័យ ក្នុងក្រុងព្រះសីហនុទាំងមូល មើលឃើញសោភ័ណភាពស្រស់ស្អាតនៅពេលថ្ងៃ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធមួយចំនួន ចុះធ្វើយុទ្ធនាការសំអាតកាកសំណល់សំណង់ និងសំរាមនៅតាមទីតាំងមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីឆ្លើយតបលទ្ធផល នៃកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមេសាម្សិលមិញ។

លោក អ៊ី សុខឡេង បន្តថា ព្រឹកនេះ គឺជាថ្ងៃដំបូង នៃការបើកយុទ្ធនាការកំចាត់កាកសំណល់ការដ្ឋានសំណង់ និងសំរាមរឹងរាវគ្រប់ប្រភេទ នៅទូទាំងក្រុងព្រះសីហនុ។ លោក អ៊ី សុខឡេង ឲ្យដឹងថា យុទ្ធនាការខាងលើនេះ មានឈ្មោះថា «ភូមិ-សង្កាត់ស្អាត» ដោយយោងតាមការណែនាំ របស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ដើម្បីឈានទៅរៀបច សំអាតកាកសំណល់ ឬកាកសំណល់សល់ ពីការដ្ឋានសំណង់ និងកាកសំណល់សំរាមនៅតាមទីតាំង បើកធ្វើអាជីវកម្មផ្សេងៗ ព្រមទាំងសំរាមនៅតាមផ្ទះ របស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងនាទីប្រជុំជន ក្នុងក្រុងព្រះសីហនុទាំងមូល៕