(ព្រះវិហារ)៖ យ៉ាងហោចណាស់ផ្ទះគំរូគ្រួសារកងទ័ពចំនួន ៥៥ខ្នង ត្រូវរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ក្នុងនោះរលំរាបដល់ដីចំនួន ១១ខ្នង និងរបើកដំបូល លោតចេញពីជើងតាងចំនួន ៤៤ខ្នងផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះថា ផ្ទះរបបគំរូសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ជូនគ្រួសារកងទព័ នៅកងពលធំអន្តរាគមន៍លេខ៣ ចំនួន៥៥ខ្នង ត្រូវបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់វាយបំផ្លាញ ក្នុងនោះបានរលំរាបដល់ដីចំនួន១១ខ្នង និងរបើកដំបូល លោតចេញពីជើញតាង ៤៤ខ្នងផងដែរ។

លោកអធិការស្រុកបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មិនបណ្តាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់ឡើយ៕