(ភ្នំពេញ)៖ ក្រុមហ៊ុន ចុងស៊ីង និងក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី បានចុះអនុសារណៈកិច្ចសហប្រតិបត្តិការ វិនិយោគអភិវឌ្ឍន៍ទីក្រុងថ្មី ដែលមានឈ្មោះថា «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» លើផ្ទៃដី៣,៣០០ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ។

ចំពោះទំហំទឹកប្រាក់វិនិយោគសាងសង់ទីក្រុងថ្មីនេះ មិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ប៉ុន្ដែបើតាមលោក YANG JIANPING អគ្គនាយកក្រុមហ៊ុន យិៈចៀ បានបង្ហើបថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគរាប់ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងថ្មីនេះ។

ពិធីចុះអនុសារណៈ បានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដោយមានវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រុមហ៊ុនទាំងពីរចូលរួមយ៉ាងច្រើនកុះករ។

លោក YANG JIANPING អគ្គនាយកក្រុមហ៊ុន យិៈចៀ បានឲ្យដឹងថា ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី ជាក្រុមហ៊ុនសម្ព័ន្ធ នៃក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត នឹងមានដីសម្បទានសម្រាប់សាងសង់ទីក្រុងទំហំ៣,៣០០ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ។

លោកអគ្គនាយកបានបញ្ជាក់ថា គម្រោងវិនិយោគទីក្រុងថ្មី «ព្រះសីហនុ-ឆ្នេរមាសឆ្នេរប្រាក់» នេះ ទទួលបានការគាំទ្រ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

លោក YANG JIANPING បានបន្ដថា ទីក្រុងថ្មីនេះនឹងមាន៖ មជ្ឈមណ្ឌលសន្និសិទអាស៊ីអាគ្នេយ៍ដ៏ទំនើប, មជ្ឈមណ្ឌលថែទាំសុខភាព និងវេជ្ជសាស្ត្រ, មជ្ឈមណ្ឌលទូទាត់ប្រាក់យ័នចិន និងអន្តរកម្មហិរញ្ញវត្ថុ នៅក្នុងសម័យ 5G, អាគារមូលដ្ឋានគ្រឹះបណ្តុះបណ្តាល ការថែទាំ និងផ្នែកវេជ្ជសាស្ត្រ តាមអ៊ិនធើណេតសកល, អាគារមូលដ្ឋានគ្រឹះអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអន្តរជាតិ, សណ្ឋាគារវិស្សមកាលជាមួយនឹងសេវាដ៏ឆ្លាតវៃជាច្រើនអគារ។

លោកបញ្ជាក់ថា ក្រុមហ៊ុនគ្រោងសហការជាមួយព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរី លើផលិតផលបច្ចេកវិទ្យាមានពន្ធ និងរួចពន្ធ និងគោរពតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរការសាងសង់ទីក្រុង ដែលមានលក្ខណៈទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបង្កើតឡើងនៅទីក្រុងថ្មីនេះរួមមាន៖ ផ្លូវថ្នល់ និងប្រព័ន្ធបង្ហូរជិត១០០គីឡូម៉ែត្រ ស្ថានីយអគ្គិសនីជាច្រើនកន្លែង ខ្សែកាបក្រោមបាតសមុទ្រ និងខ្សែអុបទិក រោងចក្រទឹកស្អាត រោងចក្រប្រព្រឹត្តកម្មទឹកស្អុយ រោងចក្រសំអាតសំរាម កំពង់ផែទំនិញ កំពង់ទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗទៀត។

អគ្គនាយកក្រុមហ៊ុន យិៈចៀ បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះបង្ហាញឲ្យឃើញ នូវពន្លកនៃទីក្រុងថ្មីព្រះសីហនុ ឆ្នេរមាសឆ្នេរប្រាក់ ដែលនឹងដុះចេញពីដីលេចជារូបរាង ទីក្រុងអភិឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី ភាពអភិវឌ្ឍន៍នៃទីក្រុងកម្ពុជា នឹងនាំមុខសំណង់បុរាណ និងសំណង់បិទជិត រួមនិងឆ្ពោះទៅរកយុគសម័យទំនើបនិងអន្តរជាតិ៕