(កណ្ដាល)៖ លោក ហាន ហ្វាំងមីង អនុប្រធានគណៈកម្មការកិច្ចការបរទេសព្រឹទ្ធសភា នៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូ ក្រុមហ៊ុន ឈុន ហ្កឹង ទុងលិ នាំយកអំណោយជាម៉ូតូធំមានស៊ីរ៉ែន សម្រាប់អមក្បួន គណៈប្រតិភូចំនួន២០គ្រឿង ប្រគល់ជូននាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស សម្រាប់បំរើកិច្ចការការងារការពារ សន្តិសុខសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសេចក្ដីសុខសាន្តជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានអង្គរក្ស ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន ឈុន ហ្កឹង ទុងលិ ជាសប្បុរជន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់អំណោយដ៍សប្បុរធម៌ ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ដែលជាការយកចិត្តទុកដាក់ ចូលរួមចំណែកជួយការពារសន្តិសុខ ជូនប្រមុខដឹកនាំកម្ពុជា ដើម្បីឲ្យសម្ដេចមានលទ្ធភាព បន្តការដឹកនាំប្រទេសជាតិ ឈានទៅរកត្រើយសុភមង្គល សុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍឆាប់រហ័ស។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត បានបញ្ជាក់ថា អំណោយម៉ូតូនេះ នឹងទុកសម្រាប់បំរើការងារ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមេដឹកនាំកំពូលៗអន្តរជាតិឥស្សរជន ដែលអញ្ជើញមកបំពេញ បេសកកម្ម ជាផ្លូវការនៅកម្ពុជា។ សភាពការណ៍នៅលើសកលលោកសព្វថ្ងៃ មានការប្រែប្រួលមានភាពស្មុគស្មាញប្រទេសខ្លះ មានភេរវកម្មបំផ្ទុះគ្រាប់បាញ់ប្រហារ ធ្វើឲ្យស្លាប់មនុស្សជាច្រើននាក់ថ្មីៗ នៅប្រទេសស្រីលង្កា។

នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយទាហានពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សប្ដេជ្ញា ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្តិភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសេចក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត១០០ភាគរយ និងចូលរួមជាមួយកម្លាំងគ្រប់ប្រភេទ ទប់ស្កាត់ប្រុងប្រយ័ត្ន កុំឲ្យកម្ពុជាក្លាយទៅជាជម្រក នៃគោលដៅវាយប្រហារដោយភេរវកម្ម ឬក៏ជាជម្រកនៃអំពើភេរវកម្ម៕