(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ និងបង្ក្រាបអំពើលួច ឆក់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅចំណុចមុខផ្សាររីករាយ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្នុងចំណោមបក្ខពួក៦នាក់។

របាយការណ៍របស់ ក្រុម បង្ការ និងបង្ក្រាបអំពើលួច ឆក់ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខផ្ទះសំណាក់មុន្នីពេជ្រ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពេលកម្លាំងជំនាញកំពុងល្បាតការពារក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ទី១៖ ឈ្មោះ ហម ឆដា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ សុខ រតនៈ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣៖ឈ្មោះ ជា ណារាជ្យ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយឡែក ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ដោយទៅបាត់ក្រោយកើតហេតុ។

មុនឈានដល់ប្រតិបត្តិការឃាត់ខ្លួន កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតដល់ចំណុចផ្ទះសំណាក់មុន្នីពេជ្រ ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឃើញជនសង្ស័យមួយក្រុម មានគ្នា០៣នាក់កំពុងឈរ ដោយមានការសង្ស័យ កម្លាំងល្បាតបានហៅជនសង្ស័យ ឲ្យឈប់ធ្វើការត្រួតពិនិត្យ និងសួរនាំ រួចជនសង្ស័យបានសារភាពថាពួកខ្លួន បានធ្លាប់ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីមនុស្សស្រីម្នាក់ កំពុងជិះម៉ូតូម៉ាក Scoopy តាមផ្លូវ២០១១ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ដោយមានបញ្ជាផ្ទាល់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើឃាត់ខ្លួនជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕